រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសរៀបចំសណ្តាប់ធ្នាប់បណ្ដាញខ្សែកាបអាកាសតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ

វិទ្យុជាតិកម្ពុជា​៖​ អត្ថបទ៖ស្រីផល 20,03,2020៖

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសរៀបចំសណ្ដាប់ធ្នាប់បណ្ដាញខ្សែកាបអាកាសតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដើម្បីឲ្យក្នុងតំបន់នេះមានសណ្តាប់ធ្នាប់និងរបៀបរៀបរយ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែល្អស្រស់បំព្រង សាកសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរៀបចំសណ្ដាប់ធ្នាប់បណ្ដាញខ្សែកាបអាកាស នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ រហូតដល់ព្រំប្រទល់ខេត្តកណ្ដាល។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្ដាក្រុមហ៊ុនឯកជនទាំងអស់ ដែលកំពុងប្រើប្រាស់បណ្ដាញខ្សែកាបអាកាស នៅតាមបណ្ដោយផ្លូវជាតិលេខ៤ខាងលើនេះ សូមប្រញាប់រួសរាន់រៀបចំរុះរើចេញដោយខ្លួនឯង ក្នុងរយៈពេល៤សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ជាមួយគ្នានេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋអង្គភាពរដ្ឋ បណ្ដាក្រុមហ៊ុនឯកជន ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ផ្ដល់ការអធ្យាស្រ័យ និងចូលរួមសហការអនុវត្តឲ្យបានម៉ឺងម៉ាត់ និងប្រកបដោយស្មារតីខ្ពស់។