អភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្ត្រីជំនាញសុខាភិបាល ចុះពិនិត្យទីតាំងត្រៀមបង្ការ សម្រាប់បន្ទប់ព្យាបាលជំងឺកូវីដ-១៩

AKP មណ្ឌលគិរី ថ្ងៃទី២០ មីនា ២០២០ — ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអះអាងថា គិតត្រឹមវេលាម៉ោង៥ល្ងាច​ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២០នេះ គឺមិនទាន់មានករណីអ្នកជំងឺឆ្លងកូវីដ-១៩នោះទេ នៅ​ក្នុង​ទឹកដីខេត្តមណ្ឌលគិរី។ ការបញ្ជាក់របស់ឯកឧត្ដមអភិបាលខេត្ដនេះ ក្នុងឱកាស ដឹកនាំមន្ត្រី​ជំនាញសុខាភិបាល ចុះពិនិត្យទីតាំងត្រៀមបង្ការ សម្រាប់បន្ទប់ព្យាបាល និងបន្ទប់ដាក់ដាច់​ដោយឡែក ក្នុងករណីមានអ្នកជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។

ឯកឧត្តម ស្វាយ សំអ៊ាង បានគូសបញ្ជាក់ថា ក្រោយកម្ពុជារក​ឃើញ​មានអ្នកជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ អាជ្ញាធរខេត្តមណ្ឌលគិរី បានចាត់វិធានការបន្ទាន់លើការពិនិត្យជនបទេស ដែលចេញចូលស្នាក់នៅក្នុងខេត្ត។ ឯកឧត្ដមបានបន្ដថា គ្រប់បណ្តាក្រុងស្រុកទាំង៥របស់ខេត្ត​មណ្ឌលគិរី ក៏មានដាក់ពង្រាយមន្ត្រីជំនាញសុខាភិបាលនិងអ្នកពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យ​លើអ្នកដំណើរចេញចូលក្នុងខេត្ត។ ចំណែកនៅតាមបណ្តាលច្រកទ្វារទ្វេ​ភាគីរវាងប្រទេស​កម្ពុជា និងប្រទេសវៀតណាម អាជ្ញាធរបានបញ្ជូនមន្ត្រីចត្កាឡីស័កប្រចាំការជាប់ជាប្រចាំ បើទោះ​ជាពេលនេះច្រកទ្វារទាំងនោះត្រូវបានបិទជាបណ្ដោះអាសន្នដ៏ដោយ។ ឯកឧត្តម​អភិ​បាលខេត្ដបានបន្ថែមថា រាល់ក្លឹបកម្សាន្ត ខារ៉ាអូខេ ទាំងអស់ត្រូវបានបិទផងដែរចៀសវាង​ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ។ហើយនៅតាមបណ្តាលមន្ទីរជុំវិញខេត្តក៏តម្រូវឲ្យមន្ត្រីរាជការអនុវត្តន៍នូវវិធានអនាម័យ លាងសម្អាតដៃ ជាមួយសាប៊ូ ឬអាកុល ដើម្បីកាត់​បន្ថយហានិភ័យផងដែរ។

លោកវេជ្ជបណ្ឌិត ប៊ុន សូរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្រុម​គ្រូ​ពេទ្យជំនាញបានសហការជាមួយមន្ត្រីពាក់ព័ន្ឋចុះពិនិត្យករណីសង្ស័យ និងអ្នកដំណើរតាម ដងផ្លូវចេញចូលខេត្ត។ លោកវេជ្ជបណ្ឌិតបានបន្ដថា  លទ្ធផលនៃការចុះស្រាវជ្រាវនៅ​តាម​សហគមន៍ក្រុមការងារបានពិនិត្យ១៨០ ករណី គឺមិនបានចូលនៅក្នុងនិយមន័យកូវីដ-១៩ទេ។ តែមាន១ករណីមិនមានចេញរោគសញ្ញា តែក្រុមគ្រូពេទ្យបានប្រមូលវត្ថុវិភាគផ្ញើទៅ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។ មូលហេតុគាត់ទើបត្រឡប់មកពី​ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ហើយគាត់ជាកម្មកររោងចក្រនៅក្នុងប្រទេសម៉ាឡេស៊ី​លទ្ធផលគឺអវិជ្ជមាន។ លោកប្រធានមន្ទីរសុខាភិបាលខេត្តបានបន្ថែមថា មន្ទីរពេទ្យបង្អែក​សែនមនោរម្យ បានបំពាក់គ្រប់គ្រាន់នូវសម្ភារសម្រាប់ជួយសង្គ្រោះដល់អ្នកជំងឺកូវីដ-១៩ ហើយ ​ក្រុមគ្រូពេទ្យបានត្រៀមប្រចាំការជាប់ជានិច្ច។ ចំពោះបន្ទប់ដាក់ដាច់ដោយឡែក​សម្រាប់​ករណីសង្ស័យមានអ្នកផ្ទុក១៤ថ្ងៃ និងបន្ទប់សម្រាប់ព្យាបាល ក៏បាន​ត្រៀមរៀបចំ​រួចរាល់ផងដែរ៕ដោយ ណយ នឿន (ប្រភព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)