ព្រឹទ្ធសភា ដាក់វិធានការបង្ការ ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩នៅក្នុងអង្គភាពរបស់ខ្លួន

វិទ្យុជាតិកម្ពុជា៖ដោយលោក ជួន បូណា៖

ព្រឹទ្ធសភា បានដាក់វិធានការបង្ការ ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩នៅក្នុងអង្គភាពរបស់ខ្លួន ខណៈដែលជម្ងឺផ្លូវដង្ហើមប្រភេទថ្មីនេះ កំពុងកើតមានឡើងនៅកម្ពុជា ។
ប្រាប់អ្នកព័ត៌មានក្រោយបញ្ចប់អចិន្រ្តៃយ៍ព្រឹទ្ធសភាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០នេះឯកឧត្ដម ម៉ម ប៊ុននាង សមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអះអាងថា ព្រឹទ្ធសភាបានណែនាំឱ្យអគ្គលេខាធិការព្រឹទ្ធសភារៀចចំធ្វើការងារតាមប្រព័ន្ធអនឡាយ និងបង្កើនទំនាក់ទំនងយ៉ាងជិតស្និតជាមួយក្រសួងសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងការយកចិត្ដទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល និងការពារសុខុមាលភាពមន្រ្ដីក្រោមឱវាទព្រឹទ្ធសភា។
ជាមួយគ្នានេះ ឯកឧត្ដមបានបញ្ជាក់ថា ព្រឹទ្ធសភាក៏បានដាក់ចេញនូវវិធានការ ការពារដល់មន្រ្តីក្រោមឱវាទព្រឹទ្ធសភាមួយចំនួន ដូចជា ពិនិត្យកម្ដៅដល់មន្ត្រីរាជការទាំងអស់មុនចូលធ្វើការ ដោយម៉ាស៊ីនវាស់កម្ដៅ ត្រូវលាងដៃជាមួយនឹងទឹកអាល់កុល បង្កើនអនាម័យកន្លែងធ្វើការ ពិសេសអនាម័យផ្ទាល់ខ្លួន តាមរយៈការលាងសម្អាតដៃជាមួយទឹកអាល់កុលអោយញឹកញាប់ ពាក់ម៉ាសឲ្យបានត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ និង រក្សាគំលាតប្រាស្រ័យទាក់ទងគ្នា (១.៥០ ម៉ែត្រ ) ។ គ្រប់នាយកដ្ឋាន-ការរិយាល័យនៃអគ្គនាយកដ្ឋាននីមួយៗ ត្រូវរាយការណ៍ជាបន្ទាន់មកការិយាល័យរដ្ឋបាល (មន្ទីរ) ក្នុងករណីមន្រ្តីបម្រើការ មានអាការៈ ដូចជា ក្អកមានស្លេស ឈឺកលើសពី៤ថ្ងៃ មានជម្ងឺផ្តាសាយធ្ងន់ធ្ងរ ឬ កម្ដៅលើសពី ៣៧.៥អង្សារសេ ដើម្បីចាត់វិធានការបន្ត ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកដែលឆ្លងវីរុសកូវិត-១៩ មានចំនួន៤៧នាក់ហើយ ហើយក្រសួងសុខាភិបាលនឹងបន្តស្រាវជ្រាវនឹងធ្វើតេសរកអ្នកដែលមានប្រវត្តិ និងជាប់ពាក់ពាព័ន្ធ នៅជិតស្និតជាមួយអ្នកដែលមានផ្ទុកកូវីដនេះជាបន្តបន្ទាប់ទៀត៕