រាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្អាកគម្រោងអភិវឌ្ឍវារីអគ្គិសនីកាត់ទន្លេមេគង្គ

វិទកយុជាតិកម្ពុជា៖ ដោយ វ៉ាង ភក្តី៖

រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកគម្រោងអភិវឌ្ឍវារីអគ្គិសនីកាត់ទន្លេមេគង្គ ខណៈការសិក្សាបានបង្ហាញថា ទំនប់វារីអគ្គិសនីអាចធ្វើឲ្យធ្លាក់ចុះនូវប្រភេទត្រី និងប៉ះពាល់សេដ្ឋកិច្ចដ៏ធំ។
ឯកឧត្តម វិចទ័រ ហ្សូណា អគ្គនាយកនៃនាយកដ្ឋានថាមពល នៃក្រសួងរ៉ែ និងថាមពល ប្រទេសកម្ពុជា បានឲ្យដឹងថា ផែនការមេសម្រាប់វិស័យថាមពលរយៈពេល១០ឆ្នាំ គិតចាប់ពី២០២០ ដល់២០៣០ របស់កម្ពុជាដែលបានអនុម័តថ្មីៗនេះ គ្មានគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅតាមទន្លេមេគង្គនោះទេ។ ឯកឧត្តម មានប្រសាសន៍ថា រាជរដ្ឋាភិបាល ងាកទៅស្វែងរកប្រភពថាមពលដទៃទៀតដូចជាថាមពលពន្លឺព្រះអាទិត្យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការថាមពលនៅកម្ពុជា។
លោក សេង ទៀក នាយកអង្គការ WWFប្រចាំកម្ពុជា បានចាត់ទុកការពន្យារពេល១០ឆ្នាំ ក្នុងការផ្អាកការអភិវឌ្ឍទំនប់វារីអគ្គិសនីនានាកាត់ទន្លេមេគង្គ ដែលបានប្រកាសដោយរាជរដ្ឋាភិបាលកម្ពុជា គឺជាដំណឹងល្អបំផុតសម្រាប់អនាគតមនុស្សរាប់លាននាក់រស់នៅតាមដងទន្លេមេគង្គ និងជីវៈចម្រុះដ៏អស្ចារ្យដែលពឹងអាស្រ័យនឹងទន្លេនេះ។ ពិសេស សម្រាប់សត្វផ្សោតមេគង្គនៅក្នុងប្រទេសកម្ពុជា ដែលជាប្រភេទសត្វទឹកសាបសំខាន់ជាសកល។
ថ្លែងបញ្ជាក់ចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២០ ខែមីនានេះ លោក សេង ទៀក បានលើកឡើងថា ការសម្រេចចិត្តយ៉ាងត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាឧទាហរណ៍គំរូសម្រាប់ប្រទេសដទៃទៀតឲ្យទទួលស្គាល់ថា ទន្លេដែលមានលំហូរតាមធម្មជាតិផ្តល់អត្ថប្រយោជន៍មិនអាចកាត់ថ្លៃបានសម្រាប់មនុស្ស និងប្រភេទសត្វជាច្រើនរាប់មិនអស់ពឹងអាស្រ័យលើទន្លេនេះ។ លោកបន្តថា អង្គការ WWF ត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយរាជរដ្ឋាភិបាល ក្នុងការគាំទ្រការអភិវឌ្ឍផែនការថាមពលប្រកបដោយនិរន្តរភាពដែលមានលក្ខណៈជាប្រព័ន្ធ និងផ្តោតលើជម្រើសថាមពលកកើតឡើងវិញដែលមិនប៉ះពាល់បរិស្ថាន ដោយមិនចាំបាច់ធ្វើទំនប់កាត់ទន្លេដែលកំពុងហូរតាមបែបធម្មជាតិរបស់ប្រទេសកម្ពុជានោះឡើយ។
យោងតាមការសិក្សារបស់អ្នកជំនាញផ្នែកវិទ្យាសាស្ត្រ បានបង្ហាញថា ទំនប់វារីអគ្គិសនីអាចធ្វើឲ្យធ្លាក់ចុះនូវប្រភេទត្រីជាច្រើន ព្រមទាំងរាំងស្ទះលំហូរដីល្បាប់ដែលអាចនឹងពន្លឿនការជន់លិច និងការរួមតូចនៃដីសណ្តរ និងគម្រាមកំហែងដល់ទិន្នផលកស្រូវជាច្រើនកន្លែង សហគមន៍នេសាទ និងនិរន្តរភាពសេដ្ឋកិច្ច៕