ព្រឹទ្ធសភាកំណត់យកថ្ងៃទី២៣ដើមសប្តាហ៍ក្រោយបើកកិច្ចប្រជុំវិសាមញ្ញនីតិកាលទី៤

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ ព្រឹទ្ធសភាកំណត់យកថ្ងៃទី២៣ដើមសប្តាហ៍ក្រោយបើកកិច្ចប្រជុំវិសាមញ្ញនីតិកាលទី៤ដើម្បីពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៦បំរើដល់សង្គមជាតិកម្ពុជា។

ឯកឧត្តម ម៉មប៊ុន នាង អ្នកនាំពាក្យព្រឹទ្ធសភាបានប្រាប់អ្នកសារព័ត៌មានថា

ព្រឹកថ្ងៃសុក្រទី២០ ខែមីនានេះ​ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានបើកកិច្ចប្រជុំ ក្រោមអធិប​តី​ភាព​​ដ៏ខ្ពង់​ខ្ពស់​របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមបន្តថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ ដើម្បីប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវារៈ ៖ ១-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។២-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីពីរ ស្តីពី វិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។៣-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបី ស្តីពី វិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគ​ទូលំទូលាយអាស៊ាន។៤-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មទំនិញអាស៊ាន ។៥-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី ការផ្ទេរទណ្ឌិតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម  និងទី៦-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម៕