ប្រជាកសិករខេត្តបន្ទាយមានជ័យប្រមូលផលស្រូវប្រាំងសម្រេចបានប្រមាណ ៩៣ភាគរយហើយ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 19,03,2020 ៖

ប្រជាកសិករខេត្តបន្ទាយមានជ័យប្រមូលផលស្រូវប្រាំងសម្រេចបានប្រមាណ៩៣ភាគរយហើយ ខណៈកសិករបានដាំដុះដំណាំនេះ លើសផែនការគ្រោងទុកជិត៣ម៉ឺនហិកតា ដោយសារឆ្នាំនេះមានការអំណោយផលពីធម្មជាតិ ។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ការប្រមូលផលស្រូវប្រាំងរបស់ប្រជាកសិករគឺនៅសល់តែប្រមាណ៧ភាគរយទៀតទេនឹងរួចរាល់ហើយ។ ដោយនៅទូទាំងខេត្តបន្ទាយមានជ័យ មានផ្ទៃដីដាំដុះចំនួនជាង២៥ម៉ឺនហិកតា ដែលក្នុងនោះ ផ្ទៃដីសម្រាប់ធ្វើស្រូវប្រាំងមានជាង៥ម៉ឺនហិកតា ហើយរហូតមកដល់ពេលនេះ កសិករកំពុងមមាញឹកក្នុងការប្រូលផលឱ្យទាន់រដូវកាល៖
សំឡេង ៖« ស្រូវនៅក្នុងឆ្នាំនេះ គឺដំណើរការទៅបានល្អគឺធ្វើលើសផែនការច្រើន ដំណាំស្រូវប្រាំង ផែនការយើងត្រឹម២ម៉ឺន២ពាន់ហិកតា តែឥឡូវនេះធ្វើដល់ជាង៥ម៉ឺនហិកតា លើសជាង៣ម៉ឺនហិកតា ហើយប្រមូលផលបាន៩៣%ហើយ អាទិត្យក្រោយគឺប្រមួលចប់ហើយ ។ ហើយសម្រាប់ទីផ្សារ គឺប្រហាក់ប្រហែលទៅនឹងឆ្នាំទៅមិញដែរ តែវាប្រែប្រួលដោយថ្ងៃដោយកន្លែងដែរ ប៉ុន្តែប្រជាកសិករនៅតែចំណេញ ព្រោះស្រូវរបស់គាត់ទទួលបានទិន្នផលល្អ» ។
លោកប្រធានមន្ទីរកសិកម្មបានបន្តថា មូលហេតុដែលប្រជាកសិករធ្វើស្រូវប្រាំងបានច្រើនលើសផែនការនេះ ដោយសារពួកគាត់បានជ្រើសរើសប្រភេទពូជស្រូវស្រាលចំណាយពេលត្រឹមតែ៧៥ថ្ងៃនិងខ្លះទៀតមានរយៈពេល១០៥ថ្ងៃប៉ុណ្ណោះ គឺអាចប្រមូលផលបានហើយ។ ម៉្យាងវិញទៀត កសិករមានការយល់ដឹង ពីបច្ចេកទេសកសិកម្ម គួបផ្សំជាមួយនឹងអាកាសធាតុអំណោយផលល្អ និងមានប្រព័ន្ធធារាសាស្រ្តសម្រាប់ស្រោចស្រពបានល្អផងដែរ។
ជាមួយគ្នានោះ លោកប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវដល់ប្រជាកសិករ ត្រូវយកចិត្តទុកដាក់ក្រោយពេលប្រមូលផលស្រូវ ជាពិសេសត្រូវរកកន្លែងហាលរឺឡសង្ងួត ជៀសវាងទុកស្រូវសើមធ្វើអោយខូចគុណភាព៕