ថៃរកឃើញករណីឆ្លងថ្មីនៃជំងឺCOVID-19 ចំនួន ៦០ករណីបន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង

រាជាណាចក្រថៃបានប្រកាសថា បានពិនិត្យរកឃើញនូវអ្នកផ្ទុកវីរុស COVID-19 ចំនួន ៦០ ករណីបន្ថែមទៀតនាំឲ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនឡើងដល់ ២៧២នាក់។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បត្តិ៍ទី ១៩ ខែមីនា ឆ្នាំ ២០២០។

  យោងតាមប្រភពពីលោក សុវណ្ណាឆ័យ វឌ្ឍនាយីង ឆារឿនឆ័យ(Suwanna Wattanaing Charoenchai) ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺនៃក្រសួងសុខាភិបាលថៃបានឲ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ៦០ ករណីខាងលើមាន៤៣ករណីពាក់ព័ន្ធនឹងអ្នកជំងឺក្នុងករណីមុនៗ ខណៈ១៧ករណីផ្សេងទៀតគឺជាអ្នកដែលបានធ្វើដំណើរត្រឡប់មកពីបណ្តាប្រទេសដែលមានការរីករាលដាលជំងឺនេះដូចជា អ៊ីតាលី ម៉ាឡេស៊ី ជប៉ុន អ៊ីរ៉ង់ និងកោះតៃវ៉ាន់។

  សូមបញ្ជាក់ថា បើរាប់ទាំងចំនួនអ្នកឆ្លងCOVID-19ខាងលើនេះ ប្រទេសថៃមានអ្នកឆ្លងសរុប២៧២នាក់ បាត់បង់ជីវិតម្នាក់ និងជាសះស្បើយចំនួន ៤២ នាក់៕

ប្រភព៖ សារព័ត៌មាន Channel News Asia