ក្រសួងព័ត៌មានបង្កើនការរឹតបន្តឹងចំពោះបុគ្គល ឬប្រព័ន្ធផ្សព្វផ្សាយណា ដែលផ្សាយព័ត៌មានមិនពិត

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៩ មីនា ២០២០

ក្រសួងព័ត៌មានបង្កើនការរឹតបន្តឹងចំពោះបុគ្គល ឬប្រព័ន្ធផ្សព្វផ្សាយណា ដែលផ្សាយព័ត៌មានមិនពិត ក្នុងលក្ខណៈបំផុសបំផុល ជាពិសេសទាក់ទងនឹងបញ្ហាជំងឺដែលកំពុងរីកដុះដាលនៃជំងឺកូវីដ ១៩ (Covid 19)។ 

       ក្នុងកិច្ចប្រជុំគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងនឹងមានគោលដៅ ប្រឆាំង ទប់ស្កាត់ រាល់ការផ្សព្វផ្សាយរាល់ខ្លឹមសារព័ត៌មានមិនពិត នៅតាមគេហទំព័រ និងបណ្ដាញសង្គមក្នុងប្រទេសកម្ពុជា  ដែលមានចេតនាបង្កចលាចល បំប៉ោងព័ត៌មាន។ ក្រសួងនឹងមានវិធានការ ដើម្បីកំណត់បានអត្តសញ្ញាណរបស់Account ឬPage Account Facebook ដែលមានសកម្មភាព ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។

           ឯកឧត្តម បន្តថា ក្រសួងនឹងមានវិធានការ តាមរយៈអាជ្ញាធរ បើសិនជាភារកិច្ចណាដែលក្រសួងព័ត៌មានធ្វើ គឺក្រសួងព័ត៌មាន អាចរៀបចំចេញជាសេចក្ដីបំភ្លឺទៅសាធារណៈជនតាមរយៈយន្តការ ជារបស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ជាក្រុមការងារដែលថ្នាក់ដឹកនាំក្រសួងព័ត៌មាន ឬក៏អ្នកនាំពាក្យរបស់រាជធានី ខេត្ត ដើម្បីឆ្លើយបំភ្លឺបញ្ហានីមួយៗ។ ហើយចំណុចមួយទៀតគឺយើងគិតថាអង្គភាពសារព័ត៌មានរបស់រដ្ឋរបស់យើង អាចមានវិទ្យុជាតិកម្ពុជា ទូរទស្សន៍ជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ហើយក៏ដូចជាវិទ្យុFMជាតិ អាចធ្វើសម្ភាសន៍ផ្ទាល់ជាមួយនឹងបុគ្គលដែលអាចស្រាយបំភ្លឺបាននូវបញ្ហានេះ ដើម្បីបំភ្លឺជូនសាធារណជន។
 “យន្ដការដទៃទៀត ដែលឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានសម្រេចដែរគឺយើងសម្រេចពីវិធាននូវការដែលយើងបានធ្វើកន្លងទៅ យើងមានវិធានការ៣យើងបានធ្វើ គឺទាក់ទងជាមួយនឹងការធ្វើម៉េចកំណត់បាននូវផេកខោនខុស យើងផ្ញើជូនទៅតាមជាក់ស្ដែង។ ប្រសិនថាបើសិនជាអង្គភាពដែលមានចុះបញ្ជីនៅក្រសួងខុស ក្រសួងចាត់ការទៅតាមអន្តរក្រសួងប្រៃសណីយ៍ទូរគមនាគមន៍ ក្រសួងព័ត៌មាន និងក្រសួងមហាផ្ទៃកន្លងទៅ។ ទី២គឺយើងធ្វើការសហការជាមួយក្រុមហ្វេសប៊ុក។ ហើយក៏យើងបានទទួលការរៀបចំនិងធ្វើ report ទាក់ទងតាមគោលការណ៍របស់ហ្វេសប៊ុកដែរបើសិនជាវាខុសឆ្គងយើងអាចធ្វើ report នេះជាគោលការណ៍បីកន្លងទៅដែលយើងអនុវត្ត”។

           ឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋលេខាធិការ ប្រចាំការ ក្រសួងព័ត៌មានចាត់ទុកថាប្រពន្ធ័ផ្សព្វផ្សាយរបស់រដ្ឋ វិទ្យុ ទូរទស្សន៍ជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និងទស្សនាវដ្តីកម្ពុជា ជាប្រពន្ធ័ផ្សព្វផ្សាយឈានមុខគេក្នុងការផ្សាយព័ត៌មាន ពិត ត្រឹមត្រូវ និងឆ្លើយតបឆាប់រហ័ស ទៅនិងព័ត៌មាន ក្លែងក្លាយ។

សូមបញ្ជាក់ថា ក្រសួងព័ត៌មាន សម្រេចបង្កើតគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ តាមប្រព័ន្ធផ្សព្វផ្សាយ និងតាមបណ្តាញទំនាក់ទំនងសង្គមនានា នៅព្រះរាជាណាចក្រកម្ពុជា មានប្រធាន អនុប្រធាន និងសមាជិកចំនួន ២៣រូប ដើម្បីរាំងខ្ទប់ព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យខូចសណ្តាប់ធ្នាប់ និងធ្វើឱ្យចលាចលនៅក្នុងសង្គម៕