អ្នកនាំពាក្យក្រសួងសុខាភិបាល៖ គ្មានការរុញដាក់គ្នាចំពោះមន្ទីរពេទ្យខ្មែរ-សូវៀត និងទៅ​វិទ្យា​ស្ថានប៉ាស្ទ័រនោះទេ ក្នុងការចង់ធ្វើតេស្ដរកមេរោគកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ — លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​បាន​គូស​បញ្ជាក់ថា គ្មានការរុញច្រានដាក់គ្នាចំពោះមន្ទីរពេទ្យខ្មែរ-សូវៀត និងវិទ្យាស្ថានប៉ាស្ទ័រ​នោះ​ទេ ចំពោះការទាមទារចង់ធ្វើតេស្តមេរោគកូវីដ-១៩។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP  កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា “មិនមានពិតដូចការលើកឡើងថា​គ្រូពេទ្យនៅ​ពេទ្យរុស្ស៊ីរុញអ្នកជំងឺទៅវិទ្យាស្ថានប៉ាស្ទ័រ ហើយប៉ាស្ទ័ររុញមកមន្ទីររុស្ស៊ីនោះទេចំពោះ​​ករណី​នេះ។ ក្នុងករណីបើមានការសង្ស័យឆ្លងជំងឺកូវីដ-១៩​ទើបក្រុមគ្រូពេទ្យយកវត្ថុ​សំណាកទៅ​ពិនិត្យ  មិនមែនចេះតែទាមទារថាខ្ញុំត្រូវតែធ្វើតេស្តជាចាំបាច់នោះទេ”។ លោកជំទាវបានបន្ដថា ការធ្វើតេស្តរកមេរោគកូវីដ-១៩ ទាល់តែអ្នកនោះទៅជួបក្រុមគ្រូពេទ្យ ហើយគាត់រកឃើញថា​ភាពសង្ស័យច្រើនទើបគេធ្វើតេស្ត។ លោកជំទាវបានលើកឡើងថា ការធ្វើតេស្តរកមេរោគនេះ មិនមែនធ្វើតេស្តដូចជាការបូម​ឈាមធ្វើតេស្តនោះទេ គឺត្រូវមានការការពារ ការស្លៀកពាក់ឱ្យ​បានត្រឹមត្រូវ ព្រោះថាត្រូវគិតពីការចម្លងរោគនៅមន្ទីរពេទ្យផងដែរ។

លោកជំទាវបានបញ្ជាក់បន្ថែមថា “ចំណុចនេះ យើងទាមទារពេលវេលាមួយ ហើយ​ប្រសិនបើមានករណីជាគ្រុនផ្តាយសាយធម្មតា  ឬជាជំងឺរលាកកំពង់ក ធម្មតា អីច្ចឹងក្រុមគ្រូ​ពេទ្យ​នឹងព្យាបាលសិន ពិសេសនោះបុគ្គលកុំមានការភ័យស្លន់ស្លោរ ហើយការគិតគូរពី​សុខភាពជា​ការត្រឹមត្រូវ”។ លោកជំទាវរដ្ឋលេខាធិការបានអះអាងថា ជំងឺកូវីដ-១៩ មិនមែន កើកភ្លាមស្លាប់ ឬដួលភ្លាមនោះទេ គឺទាល់តែយើងទៅប៉ះផ្ទាល់ជាមួយអ្នកចម្លង  ឬធ្វើដំណើរ​ទៅ​កាន់កន្លែងណាផ្ទុះជំងឺកូវីដ-១៩នេះ ហើយត្រឡប់មកវិញមានអាការៈមិនស្រួល នោះ​ស្ថិតក្នុងការសង្ស័យខ្ពស់។ ដោយឡែកបើគ្រាន់តែយើងនៅម្នាក់ឯង​ ហើយមានការ​​អនាម័យ​ខ្ពស់ យើងកុំមានការភ័យខ្លាចនោះទេគឺត្រូវទៅពិគ្រោះជាមួយកគ្រូពេទ្យ ហើយធ្វើការព្យា​បាល​​ជាធម្មតា ។

លោកជំទាវបានបន្ថែមថា ចំពោះព័ត៌មានទាក់ទងនឹងករណីថា​មន្ទីរពេទ្យរុញដាក់គ្នាក្នុង​ការ​ពិនិត្យនោះ គឺគ្រូពេទ្យបានពន្យល់រួចតែគាត់មិនស្តាប់ ដោយចង់ធ្វើការតេស្ត​នៅវិទ្យាស្ថាន​ប៉ាស្ទ័រ តែម្តងនោះគឺខុសពីនីតិវិធីហើយដែល នៅវិទ្យាស្ថានប៉ាស្ទ័រធ្វើតេស្ត​ត្រូវការការពារបាន​ត្រឹមត្រូវ។ លោកជំទាវបានបន្ថែមទៀតថា បើអ្នកមិនទាន់ចាំបាច់ធ្វើតេស្តគួរកុំធ្វើ ហើយត្រូវ​ធ្វើការអនាម័យដោយខ្លួនជាការសំខាន់។  ករណីនេះ ក្រសួងសុខាភិបាលធ្លាប់មានហើយ គឺករណីគាត់ក្តៅខ្លួនហើយ គាត់មានការភ័យខ្លាំង តែគាត់ត្រូវបានព្យាបាលជា។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានស្នើទៅកាន់ខាងសាកលវិទ្យាល័យភ្នំពេញ​ធ្វើការ​ប្រាប់ព័ត៌មានពីដំណើរការដំបូង ដូចជាទៅជួបគ្រូពេទ្យណា  នៅកន្លែងណា ស្ថាន​ភាព​បែបណា ជាការប្រញាប់ ហើយបើសិនជាគ្រូពេទ្យមានកំហុសខុសឆ្គង​សុំមានការអធ្យាស្រ័យ​ផងដែរ៕

ដោយ ប៊ុនរិទ្ធ