នាយករដ្ឋមន្រ្តីរុស្ស៊ីចេញបទបញ្ជាឱ្យរឹតត្បិតការហោះហើរទៅចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអេមីរ៉ាតអារ៉ាប់រួម

AKPភ្នំពេញ  ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ — នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Mikhail Mishustin បានណែនាំដល់ក្រសួងដឹកជញ្ជូនឱ្យណែនាំការ​ដាក់កម្រិតជាបណ្តោះអាសន្នលើជើងហោះហើរទៅកាន់ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី២០ ខែមីនា នេះតទៅ។ ឯកសារនេះត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់គណៈរដ្ឋមន្រ្តីរុស្ស៊ីកាលពីថ្ងៃពុធ។

យោងទៅតាមសេចក្តីសម្រេចនេះបានឱ្យដឹងថា «[ខ្ញុំស្នើសុំ] ដល់ក្រសួងដឹកជញ្ជូនរបស់រុស្ស៊ីក្នុងការធានាថា ការដាក់កម្រិត បណ្តោះអាសន្នត្រូវបានណែនាំលើចរាចរណ៍អ្នក​ដំណើរពីទឹកដីនៃសហព័ន្ធរុស្ស៊ីទៅកាន់ទឹកដីនៃចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអេមីរ៉ាតអារ៉ាប់រួម និងជើងហោះហើរពីប្រទេសទាំង​នោះមកកាន់ប្រទេសរុស្ស៊ីវិញ ចាប់ពីម៉ោង ០០:០០ (ម៉ោងនៅទីក្រុងមូស្គូ) ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២០ នេះតទៅ លើកលែងតែជើងហោះហើរជាទៀងទាត់រវាងទីក្រុងមូស្គូ – ទីក្រុងឡុងដ៍ (និងជើងហោះហើរត្រឡប់មកវិញ​ផង)ទីក្រុងមូស្គូ – ញូវយ៉ក (និងជើងហោះហើរត្រឡប់មកវិញផង) ទីក្រុងមូស្គូ – អាប៊ូដាប៊ី (និងជើងហោះហើរត្រឡប់មកវិញផង) ដែល​ប្រតិបត្តិការតាមរយៈអាកាសយានដ្ឋានអន្តរជាតិ Sheremetyevo (ស្ថានីយ F)»។

ការលើកលែងនេះក៏អនុវត្តន៍ផងដែរចំពោះជើងហោះហើរដើម្បីបញ្ជូនពលរដ្ឋនៃរដ្ឋដែលបានរៀបរាប់ខាងលើទៅប្រទេសរបស់ពួកគេវិញ និងប្រជាពលរដ្ឋរុស្ស៊ី – ទៅកាន់ប្រទេសរុស្ស៊ី៕

(ប្រភព ​TASS បកប្រែដោយ លោក យា ចិន្តាខន្តី)