ក្រសួងមុខងារសាធារណៈដាក់ឲ្យដំណើរការច្រកអេឡិចត្រូនិចដើម្បីទទួលការស្នើសុំទិដ្ឋាការ និងលិខិតផ្លូវការផ្សេងៗ

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ៖


ក្រសួងមុខងារសាធារណៈដាក់ឲ្យដំណើរការច្រកអេឡិចត្រូនិចក្នុងការទទួលការស្នើសុំទិដ្ឋាការ ,លិខិតផ្លូវការផ្សេងៗ ឬការសម្រេចនានាក្នុងដែនសមត្ថិកិច្ចរបស់របស់ខ្លួនដើម្បីបង្ការទប់ស្កាត់ការរាតត្បាតនៃវីរុសកូវីដ១៩ ។
សេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈបានស្នើកិច្ចសហការតាមជំហានៗ ៖ទី១ សូមស្កែន សំណុំឯកសារមុខការជា PDF រួចផ្ញើនៅ Soft Copy តាម Telegram ០១៧-៨៩៨២៥៨ ។ ទី២ ដើម្បីបង្កភាពងាយស្រួលក្នុងការគ្រប់គ្រងសំណុំឯកសាររបស់ក្រសួង ស្ថាប័ន សូមធ្វើការកត់ឈ្មោះសំណុំឯកសារ ជាទម្រង់ឈ្មោះ ក្រសួង ស្ថាប័ន ជាអក្សរកាត់ ឆ្នាំខែថ្ងៃ-លេខ-កម្មវត្ថុ ដូចជា ៖ អក្សរឡាតាំង ៖ ឈ្មោះក្រសួង ស្ថាប័ន ជាអក្សរកាត់-ឆ្នាំខែថ្ងៃ-លេខ និង អក្សរខ្មែរ៖ កម្មវត្ថុ។ ឧទាហរណ៍ថា ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើសុំតែងតាំងលោក ក ,ខ ជាអនុប្រធាននាយកដ្ឋាន តាមរយៈលិខិតលេខ៩៩៩ សក.បល ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។ដូច្នេះយើងត្រូវកំណត់ឈ្មោះឯកសារនោះគឺ MPWT-២០២០០៣១៨-៩៩៩-តែងតាំងលោក ក,ខ ។ និងទី៣ ក្រសួង ស្ថាប័ន នៅតែមានភារកិច្ចផ្ញើសំណុំឯកសារជា Hard copy មកកាន់ក្រសួងមុខងារសាធារណៈដដែល ។ ដោយឡែកសំណុំឯកសារដែលបានផ្ញើជា Soft Copy រួចរាល់ហើយ សូមមេត្តាបញ្ជាក់នៅលើស្រោមសំបុត្រនូវពាក្យថា បានផ្ញើ Soft Copy ។
ក្រសួងមុខងារសាធារណៈ សង្ឃឹមថាសម្ដេច ឯកឧត្ដម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃគ្រប់ក្រសួង ស្ថាប័ន និងចូលរួមសហការអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះតាមការគួរ ៕