រាជរដ្ឋាភិបាលកំណត់ថា ឆ្នាំ២០២៣ ទូរទស្សន៍នៅកម្ពុជាទាំងអស់នឹងត្រូវប្រើប្រព័ន្ធទូរទស្សន៍ឌីជីថល

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៩ មីនា ២០២០៖

រាជរដ្ឋាភិបាលកំណត់ថា នៅឆ្នាំ២០២៣ខាងមុខ ទូរទស្សន៍កម្ពុជានឹងត្រូវប្រើប្រព័ន្ធទូរទស្សន៍ឌីជីថលទាំងអស់ ដើម្បីដើរឱ្យទាន់ជាមួយនឹងយុគបច្ចេកវិទ្យានៃសម័យទំនើប។
ក្នុងឱកាសអនុញ្ញាតឱ្យលោកយ៉ាវ អ៊ីយ៉ា អគ្គនាយកប្រតិបត្តិក្រុមហ៊ុនហួវៃថេកណឡូជី (ខេមបូឌា) ខូអិលធីឌី ចូលជួបសម្តែងការគួរសម នឹងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នាទីស្តីការក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការផ្លាស់ប្តូរប្រព័ន្ធទូរទស្សន៍ ពីអាណាឡូក ទៅឌីជីថលនេះ គឺមានសំឡេង និងរូបភាពច្បាស់ មានល្បឿនលឿន រលកសញ្ញាប្រេកង់មិនរំខាន ឬឆ្លងទៅប៉ុស្តិ៍ផ្សេងងាយស្រួលទស្សនា ។
ឯកឧត្តមបន្តថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីពេលកន្លងមក ក្នុង ជំនួបជាមួយអ្នកសារព័ត៌មាន បានឯកភាពយកឆ្នាំ២០២៣ ជាឆ្នាំកំណត់នៃការលុបទាំងស្រុងនូវប្រព័ន្ធទូរទស្សន៍អាណាឡូក ហើយកែប្រែទៅជាប្រព័ន្ធទូរទស្សន៍ឌីជីថលទាំងអស់វិញ។
“រាជរដ្ឋាភិបាល សម្រេចឯកភាពគឺយកឆ្នាំ២០២៣ គឺជាឆ្នាំកំណត់នៃការលុបទាំងស្រុងនៃប្រព័ន្ធទូរទស្សន៍អាណាឡូក ដើម្បីចាប់ផ្ដើមទៅជាប្រព័ន្ធទូរទស្សន៍ឌីជីថល។ ហើយយកក្រសួងព័ត៌មាន ជាស្នូល ការធ្វើនេះយើងធ្វើជា៣ជំហាន គឺជំហានទាំងអស់ ការរៀបចំបង្គោលអង់តែនផ្សាយចំនួន២៨ចំណុច។ ហើយចាប់ផ្ដើមដំបូងគឺជំហានទី១ ការដាក់បង្គោលនៅតាមទីប្រជុំជនធំៗសំខាន់ ជំហានទី២ ដាក់បង្គោលនៅទីប្រជុំជនមធ្យម និងជំហានទី៣ ដាក់បង្គោលនៅកន្លែងដែលមានប្រជាជនតិច”។
ឯកឧត្តម ខៀវ កាញារីទ្ធ បញ្ជាក់ថា ការផ្លាស់ប្ដូរការផ្សាយពីប្រព័ន្ធអាណាឡូកទៅជាឌីជីថលនេះដែរ នឹងផ្ដល់នូវសារៈសំខាន់ចូលរួមលើកកម្ពស់ការផ្សាយមានស្ដង់ដារដូចនៅ បណ្តាប្រទេសនៅតំបន់ និងពិភពលោក៕