ក្រសួងអភិវឌ្ឍន៍ជនបទមានផែនការស្ថាបនានិងជួសជុលផ្លូវលំថ្មីៗជាង៣ពាន់គីឡូម៉ែត្រក្នុងឆ្នាំ២០២០នេះ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ១៩.៣.២០២០៖

ក្រសួងអភិវឌ្ឍន៍ជនបទមានផែនការស្ថាបនានិងជួសជុលផ្លូវលំថ្មីៗជាង៣ពាន់គីឡូម៉ែត្រក្នុងឆ្នាំ២០២០នេះដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលជំរុញការលើកកម្ពស់ជីវភាពរបស់ ប្រជាពលរដ្ឋ។
លោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍នៅក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជាថា នៅក្នុងឆ្នាំ២០២០នេះក្រសួងអភិវឌ្ឍន៍ជនបទមានផែនការច្បាស់លាស់ ក្នុងរង្វង់ផ្លូវថែទាំផ្លូវជនបទប្រហែល ជាង៣ពាន់គីឡូម៉ែត្រ និងការស្ថាបនាថ្មី ជាង៥រយគីឡូម៉ែត្រ បន្ថែមទៀតនៅទូទំាងប្រទេស។ លោកបានបញ្ជាក់ថា គម្រោងនេះគឺមានលក្ខណៈប្រហាក់ប្រហែលនិងគម្រោងស្ថាបនាជួសជុល កាលពីឆ្នាំ២០១៩ ប៉ុន្តែក្រសួងបានពង្រីកគ្រោងនេះ នៅតាមបណ្តាខេត្តផ្សេងៗទៀត និងតំបន់ដាច់ស្រយាលដើម្បីឲ្យមានផ្លូវតភ្ជាប់គ្នាទៅវិញទៅមកសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ។
លោកបានបន្តទៀតថា ការពង្រីកផែនការធ្វើផ្លូវថ្មីៗ និងកែលម្អស្តារផ្លូវចាស់ៗឡើងវិញនេះ ដើម្បីធានា ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋប្រកបដោយភាពងាយស្រួល មានសុត្ថិភាពក្នុងការធ្វើដំណើរ ពិសេសការតភ្ជាប់ពីផ្លូវមួយទៅផ្លូវមួយទៀត គឺវាមានភាពប្រទាក់ក្រឡាជាសរសៃឈាមសេដ្ឋ កិច្ចរបស់ប្រជាពលរដ្ឋនិងសេដ្ឋកិច្ចជាតិ។
«ជាយុទ្ធសាស្ត្រក្រសួងអភិវឌ្ឍន៍ជនបទ ធានាធ្វើផ្លូវឲ្យប្រជាពលរដ្ឋប្រើប្រាស់គ្រប់រដូវកាល ចឹងហើយមានការថែទាំខួបថែទាំជាប្រចាំ ការថែទាំខួបថែទាំជាប្រចាំ មាននៅលើពិភពលោកប្រទេសណាក៏មានដែរការថែទាំបែបនេះ។ការថែទាំខួបនេះគេមើលកម្រាស់ផ្លូវ និងវាស្តើង កម្រាស់ផ្លូវគ្រួសក្រហម ដំបូងយើងចាក់២តឹកហើយ យើងប្រើយូរទៅៗវាហ៊ុយផងកង់ឡានធ្វើចរាចរណ៍វាធ្វើឲ្យផ្លូវស្តើងចឹងយើងដាក់ការថែទាំខួប ដើម្បីបំពេញឲ្យបាន២តឹកវិញ ឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍មានភាពងាយស្រួល។ការថែទាំប្រចាំនៅពេលផ្លូវយើងបញ្ចប់សុពលភាពហើយ យើងសាងសង់រួចហើយអ្នកទទួលការទទួលខុសត្រូវត្រឹមតែសុពលភាព គេប្រគល់មកឲ្យក្រសួងហើយក្រសួងដាក់ការដាក់ថែទាំជាប្រចាំហើយការថែទាំប្រចាំនេះទាល់តែផ្លូវស្អាតកុំឲ្យមានការខូចខាតផ្លូវទាន់»។
លោក ស្រេង ប្រជាពលរដ្ឋនៅខេត្តសៀមរាបបានបង្ហាញការអបអរសាទរចំពោះក្រសួងអភិវឌ្ឍន៍ដែលគ្រោងធ្វើផ្លូវថ្មីៗនៅតាមជនបទ ហើយចាត់ទុកថាមានផ្លូវស្អាតងាយស្រួលធ្វើដំណើរងាយស្រួលការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារបានទាន់ពេលវេលាថែមទៀតផង។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងអភិវឌ្ឍន៍ជនបទកសាងបានជាផ្លូវកៅស៊ូរហូតទៅដល់ជាង១រយគីឡូម៉ែត្រ ផ្លូវបេតុងរហូតទៅដល់ជាង២៩គីឡូម៉ែត្រ ក្រៅពីនេះផ្លូវគ្រួសក្រហម កសាងរហូតទៅដល់ ជាង៣រយ គីឡូម៉ែត្រ ។ ក្រៅពីនេះទៀតក្រសួងមានការងារថែទាំខួបផ្លូវរហូតទៅដល់ប្រវែងសរុបជាង៤រយគីឡូម៉ែត្រ ការថែទាំជាប្រចាំជាង២ពាន់គីឡូម៉ែត្រ៕