ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៅថ្ងៃស្អែកនេះ ជាមួយនឹងរៀបវារៈចំនួន៧

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ 19,03,2020៖

ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៅថ្ងៃទី២០ខែមីនាស្អែកនេះ ដើម្បីពិនិត្យ និងសម្រេចទទួលយកនូវសេចក្តីព្រាងច្បាប់មួយចំនួនដាក់ក្នុងរបៀបវារៈនៃកិច្ចប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤នាពេលខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា ដែលវិទ្យុជាតិកម្ពុជាទទួលបាននាព្រឹកថ្ងៃទី១៩ ខែមីនានេះ បានឲ្យដឹងថា កិច្ចប្រជុំគណៈ កម្មាធិការអចិន្ត្រៃយ៍នេះនឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភា។
សេចជូនដំណឹងបញ្ជាក់ថា កិច្ចប្រជុំនេះមានរបៀបវារៈ ដូចជា ៖ ១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ ព្រឹទ្ធសភាសុំដាក់សេចក្តីព្រាងច្បាប់ ស្តីពី ការបង្កើតក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ២-ពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មការទី៣ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរ ស្តីពី វិសោធនកម្មកិច្ចព្រមព្រៀង ទូលំទូលាយអាស៊ាន ។ ៣-ពិនិត្យនិងសម្រេច លើសំណើរបស់គណៈកម្មការទី៣ ព្រឹទ្ធសភាសុំដាក់សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសាទីបី ស្តីពី វិសោធនកម្មកិច្ចព្រមព្រៀង ទូលំទូលាយអាស៊ាន ។ ៤-ពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មការទី៩ ព្រឹទ្ធសភាសុំដាក់សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្ម ទំនិញអាស៊ាន ។ ៥-ពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភាសុំដាក់សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពី ការផ្ទេរទណ្ឌិតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ៦-ពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម វៀតណាម។ និង៧-កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការអង្គប្រជុំព្រឹទ្ធសភាជា វិសាមញ្ញ នីតិកាលទី៤ ៕