ក្រសួងការពារជាតិចេញវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីត១៩ដល់នាយទាហាន

វិទ្យុជាតិកម្ពុជា:ស្រីផល ១៩.០៣.២០២០៖

ក្រសួងការពារជាតិ បានចេញសេចក្ដីណែនាំស្ដីពីវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីត១៩ ដល់នាយទាហានទាំងអស់ក្នុងស្ថាប័នក្រោមឱវាទ ដើម្បីការពារខ្លួនចំពោះការឆ្លងវីរុសរលាកផ្លូវដង្ហើមដ៏កាចសាហាវនេះ។
សេចក្តីជូនដំណឹង របស់ក្រសួងការពារជាតិ បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាពតាមវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ កូវីត១៩ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដូចជា ការធ្វើអនាម័យលាងដៃឲ្យបានញឹកញាប់ សំអាតបន្ទប់បំពេញការងារ បន្ទប់ស្នាក់នៅ បន្ទប់ទឹកបោកគក់សម្លៀកបំពាក់ និងគ្រឿងបរិក្ខាប្រើប្រាស់ផ្សេងៗ ឲ្យបានជាប់ជាប្រចាំ។
ជាមួយគ្នានេះ ត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់ទូរសព្ទទាន់ហេតុការណ៍ ១១៥ ឬមន្ទីរសុខាភិបាលរាជធានី-ខេត្ត ,ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ,មន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ,ឬមន្ទីរពេទ្យយោធានៅតំបន់ប្រតិបត្តិការសឹក កងពល យោធភូមិភាគ និងមន្ទីរពេទ្យព្រះកេតុមាលា ក្នុងករណីមានរោគសញ្ញាណាមួយ ដែលមានភាពសង្ស័យដូចជា ឡើងកំដៅ ក្អក ឈឺបំពង់ក ហត់ពិបាកដកដង្ហើម ឬបញ្ហាសុខភាពផ្សេងៗ។
វិធានការណែនាំនេះ ធ្វើឡើងបន្ទាប់ពីការរីករាលដាល នៃការឆ្លងមេរោគកូវីត១៩ ក្នុងកម្ពុជា មានការកើនឡើងយ៉ាងឆាប់រហ័សគួរឲ្យព្រួយបារម្ភ៕