កម្ពុជាសម្រេចបិទច្រកព្រំដែនបណ្តោះអាសន្នជាមួយប្រទេសវៀតណាម

វិទ្យុជាតិកម្ពុជា ៖ លោកអាត ចន្ធូ ១៩ ០៣ ២០២០៖

កម្ពុជាសម្រេចបិទច្រកព្រំដែនបណ្តោះអាសន្ន ជាមួយប្រទេសវៀតណាម ដោយមិនអនុញ្ញាតឱ្យពលរដ្ឋនៃប្រទេសទាំងពីរចេញចូលឡើយ ដើម្បីការពារ ទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ១៩។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលបានចេញផ្សាយនៅថ្ងៃទី ១៨​ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងស្មារតីភាពនិងការយោគយល់គ្នាទៅវិញទៅមក ទាក់ទងនឹងការការពារការរីករាលដាលនៃ វីរុសកូវីដ១៩ កម្ពុជាបានស្នើឲ្យអាជ្ញាធរវៀតណាមជូនដំណឹងដល់ពលរដ្ឋវៀតណាមកុំឲ្យធ្វើដំណើរមកប្រទេសកម្ពុជាតាមគ្រប់ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ចាប់ពីម៉ោងសូន្យនៃថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០។
សេចក្ដីប្រកាសដដែលបន្ថែមថា សំណើនេះត្រូវបានធ្វើឡើងក្នុងបំណងចៀសវាងមានការលំបាកកើតឡើង នៅច្រកព្រំដែនរួមរវាងប្រទេសទាំងពីរ ដោយយោងលើការកើនឡើងយ៉ាងគំហុកនូវការរកឃើញករណីឆ្លងវីរុសកូវីដ១៩ ខណៈពេលដែលប្រទេសវៀតណាម បានដាក់កម្រិតលើការធ្វើដំណើរ ដែលតម្រូវឲ្យមានការដាក់នៅដោយឡែកពីគេរយៈពេល១៤ថ្ងៃ ចំពោះអ្នកដំណើរចូលប្រទេសវៀតណាមដោយពលរដ្ឋកម្ពុជា តាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសទាំងអស់នឹងត្រូវផ្អាកជាបណ្ដោះអាសន្ន ចាប់ពីម៉ោងសូន្យនៃថ្ងៃទី ២០ខែមីនា ឆ្នាំ២០២០។
វិធានការនេះមានគោលបំណងបញ្ចៀសនូវការលំបាកចំពោះពលរដ្ឋវៀតណាម ក៏ដូចជាពលរដ្ឋកម្ពុជា ដែលតម្រូវឲ្យបង្ខាំងខ្លួនដាច់ពីគេ ក្រោយពីបានធ្វើដំណើរពីប្រទេសកម្ពុជាចូលទៅវៀតណាម។
ក្រសួងការបរទេស បានឲ្យដឹងទៀតថា វិធានការខាងលើនេះ មិនត្រូវបានអនុវត្តចំពោះពលរដ្ឋវៀតណាម និងពលរដ្ឋកម្ពុជា ដែលកាន់លិខិតឆ្លងដែនការទូត និងផ្លូវការទេ។
ប្រភពដដែលបានឲ្យដឹងទៀតថា កម្ពុជាបានស្នើឲ្យអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរធ្វើការរួមគ្នា ដើម្បីសម្របសម្រួល និងធានាថាការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរួម អាចអនុវត្តដោយគ្មានការរាំងស្ទះ។
ជាមួយគ្នានេះ កម្ពុជាក៏បានស្នើឲ្យអាជ្ញាធរមូលដ្ឋាននៃប្រទេសវៀតណាមជួយសម្រួលការធ្វើមាតុភូមិនិវត្តន៍មកកម្ពុជានូវពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងត្រូវបានដាក់ឲ្យនៅដាច់ពីគេ ក្នុងប្រទេសវៀតណាមប្រសិនបើមាន៕