ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅបារាំងកើនឡើងដល់ជាង ៩,០០០នាក់

វិទ្យុជាតិកម្ពុជា​៖​

ក្រសួងសុខាភិបាលបារាំងបានរាយការណ៍ថា ស្ថានភាពនៃការរីករាលដាលជំងឺ COVID-19 នៅពេលនេះមានសភាពកាន់តែធ្ងន់ធ្ងរដោយសារតែពេញមួយថ្ងៃពុធម្សិលមិញ មានអ្នកជំងឺចំនួន ៨៩នាក់បានស្លាប់ ហើយករណីឆ្លងថ្មីចំនួន ១,៤០៤នាក់ នាំឲ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនឡើងដល់ ៩,១៣៤នាក់ ខណៈអ្នកស្លាប់មាន២៦៤នាក់។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ព្រឹកថ្ងៃព្រហស្បត្តិ៍ ទី ១៩ ខែមីនា ឆ្នាំ ២០២០។
តាមរបាយការណ៍ក្រសួងសុខាភិបាលបានបន្តទៀតថា ចំនួនអ្នកជំងឺដែលបានបាត់បង់ជីវិតដោយ COVID-19 បានហក់ឡើងខ្ពស់រហូតដល់ ១៨% ក្នុងចំណោមអ្នកឆ្លងសរុបទូទាំងប្រទេស ហើយអ្នកជំងឺចំនួន ៩១៣នាក់ក៏កំពុងស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរផងដែរ។
សូមបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO បានប្រកាសចាត់ទុក COVID-19 ជា «ជំងឺរាតត្បាតជាសកល» ហើយបានរីករាលដាលចូលដល់ប្រទេស និងដែនដី សរុបចំនួន ១៦៧ ដែលមកដល់ពេលនេះមានអ្នកឆ្លងវីរុសនេះនៅទូទាំងពិភពលោកកើនលើស ២០ម៉ឺននាក់ ខណៈអ្នកស្លាប់ចំនួន ៨,០១០ នាក់ស្លាប់ និង ៨២,៨១៣ នាក់បានជាសះស្បើយ៕
ប្រភព៖ សារព័ត៌មាន Channel News Asia