វៀតណាម និងសេណេហ្គាល់នឹងចុះកិច្ចព្រមព្រៀងបន្ថែម ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ — ប្រទេសវៀតណាម និងសេណេហ្គាល់ នឹងបញ្ចប់ជំហានច្បាប់ចាំបាច់នានា ដើម្បីចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងមួយចំនួនក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។

ភាគីទាំងពីរបានឈានដល់ការព្រមព្រៀងគ្នានៅឯកិច្ចប្រជុំ ដែលបានធ្វើឡើងក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ឯក​អគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល់ហ្សេរី និងសេណេហ្គាល់ លោក Nguyen Thanh Vinh ដោយអមដំណើរដោយអនុព័ន្ធការពារជាតិ និងទីប្រឹក្សាពាណិជ្ជកម្មវៀតណាមទៅកាន់ប្រទេសអាល់ហ្សេរី និងសេណេហ្គាល់ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៤ ខែមីនា។

ឯកអគ្គរដ្ឋទូត លោក Vinh បានប្រគល់លិខិតសម្គាល់របស់លោកជូនប្រធានាធិបតីសេណេហ្គាល់ លោក Macky Sall កាលពី​ថ្ងៃទី ១០ ខែមីនា អមដោយការទទួលបដិសណ្ឋារកិច្ចដែលស្វាគមន៍ដោយលោកប្រធានាធិបតីផងដែរ។

លោកប្រធានាធិបតី Sall បានគូសបញ្ជាក់អំពីទំនាក់ទំនងរវាងវៀតណាម – សេណេហ្គាល់ ដោយលោកបាននិយាយថា ប្រទេស​ទាំងពីរជាមិត្តដែលមានចំណងមិត្តភាពយូរអង្វែងមកហើយ។ លោកបានបញ្ជាក់ជាថ្មីថា សេណេហ្គាល់ចង់ជំរុញបន្ថែមទៀតនូវ​កិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យជាច្រើន ជាពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ កសិកម្ម និងឧស្សាហកម្ម។

លោកប្រធានាធិបតីបានសង្កត់ធ្ងន់លើភាពជាដៃគូជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងវិស័យកសិកម្ម ដោយប្រទេសវៀតណាម​បានបញ្ជូនអ្នកជំនាញជាច្រើនដើម្បីចែករំលែកបទពិសោធន៍ នឹងជួយដល់ប្រជាជនសេណេហ្គាល់ក្នុងការអភិវឌ្ឍកសិកម្មស្រូវ និងរួម​ចំណែកដល់ការពង្រឹងសន្តិសុខស្បៀងរបស់ប្រទេសនៅ    អាហ្វ្រិកមួយនេះ។

សម្រាប់ភាគីវៀតណាមវិញ ប្រមុខការទូតវៀតណាមរូបនេះបាននិយាយថា វៀតណាមតែងតែយកចិត្តទុកដាក់ដល់ទំនាក់ទំនង​ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយសេណេហ្គាល់លើគ្រប់     វិស័យដែលភាគីទាំងពីរមានគុណសម្បត្តិ ដូចជាវិស័យ​កសិកម្ម សេដ្ឋកិច្ចសមុទ្រ និងពាណិជ្ជកម្មជាដើម។

លោកបានប្តេជ្ញាធ្វើឱ្យអស់ពីសមត្ថភាពក្នុងតួនាទីថ្មីរបស់លោក ដើម្បីជំរុញមិត្តភាព និងកិច្ចសហ-ប្រតិបត្តិការរវាងប្រទេសទាំង​ពីរ។

ឯកអគ្គរដ្ឋទូត លោក Vinh ក៏បានជួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយក្រសួងការបរទេសសេណេហ្គាល់ ក្រសួង​ពាណិជ្ជកម្ម និងសភាពាណិជ្ជកម្ម និងឧស្សាហកម្ម ខណៈដែលភាគីទាំងពីរបានអះអាងជាថ្មីម្តងទៀតថា ពួកគេមានសក្តានុពលដ៏ធំធេងក្នុងការពង្រីកភាពជាដៃគូក្នុងវិស័យកសិកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ចសមុទ្រ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា៕

(ប្រភព ​VNA បកប្រែដោយ លោក យា ចិន្តាខន្តី)