អាជ្ញាធរជាតិអប្សរាប្រកាសបិទសារមន្ទីរមិនឱ្យភ្ញៀវទេសចរចូលទស្សនាជាបណ្តោះអាសន្ន

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៩ មីនា ២០២០៖

អាជ្ញាធរជាតិអប្សរា បានប្រកាសបិទសារមន្ទីរ បីជាបណ្តោះអាសន្ន ដើម្បីបញ្ជៀសការប្រមូលផ្តុំគ្នាដែលងាយប្រឈមនឹងហានីភ័យនៃការឆ្លងជំងឺកូវីដ១៩។
ក្នុងសេចក្ដីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា បានប្រកាសបិទជាបណ្តោះអាសន្ននូវសារមន្ទីរចំនួនបី ដូចជា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី សារមន្ទីរឡតានី និងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះតទៅ ដើម្បីបញ្ជៀសការប្រមូលផ្តុំគ្នាដែលងាយប្រឈមនឹងហានីភ័យនៃការឆ្លងជំងឺកូវីដ ១៩ ។
ការប្រកាសនេះគឺយោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីការបិទKTV ក្លឹបកំសាន្ត រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេស កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
ការប្រកាសនេះជាការជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ / អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាពសមាគមទីភ្នាក់ងារទេសចរណ៍ អ្នកទេសទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ / អន្តរជាតិ សាធារណៈជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់បានដឹងនឹងអនុវត្ត។
សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរានឹងអនុញ្ញាតឱ្យភ្ញៀវជាតិ- អន្តរជាតិ និងសាធារណជន ចូលទស្សនាសារមន្ទីរទាំងបីខាងលើឡើងវិញ រហូតដល់ស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាល និងរហូតដល់មានការណែនាំថ្មីរបស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ៕