ខេត្តបាត់ដំបងដាំបន្លែចម្រុះគ្រប់មុខជាង២០០តោនក្នុង១ថ្ងៃដើម្បីនាំចេញទៅបណ្តាខេត្តមួយចំនួន និងនៅរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា៖ លោក អ៊ូ កាណែល18,03,2020៖

ខេត្តបាត់ដំបងដាំបន្លែចម្រុះគ្រប់មុខជាង២០០តោនក្នុង១ថ្ងៃដើម្បីនាំចេញទៅបណ្តាខេត្តមួយចំនួននិងរាជធានីភ្នំពេញ ។
លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានឲ្យដឹងថា សព្វថ្ងៃនេះខេត្តបាត់ដំបងបាននាំចេញបន្លែចម្រុះគ្រប់មុខ ប្រមាណ២០០តោនក្នុង១ថ្ងៃ មានបន្លែ ដូចជា ស្ពៃតឿ ស្ពៃស ស្ពៃជើងទា សណ្ដែកទ្រើង ននោង ត្រសក់ និងជីគ្រប់ ដែលត្រូវបានបែងចែកទៅកាន់ផ្សារជាច្រើនតាមបណ្តាខេត្តផ្សេងៗទៀតជាច្រើន។ លោកបញ្ជាក់ថា សម្រាប់ទីផ្សារវិញ ផលកសិកម្មដែលប្រមូលបាន ត្រូវបានឈ្មួញកម្មង់ទិញយកអស់ មិនមានសល់ក្នុងចម្ការទេ លើកលែងតែបន្លែប្រភេទខ្លះ មានគេដាំច្រើននៅតំបន់ផ្សេងៗ ទើបមាននៅសល់ខ្លះ តែតិចតួចណាស់។
សព្វថ្ងៃយើងនាំចេញពីខេត្តបាត់ដំបងនូវបន្លែចម្រុះគ្រប់មុខ ប្រមាណ ២០០ តោនក្នុងមួយថ្ងៃ ដែរយើងនាំចេញទៅផ្សារដើមគរ និងខាងប៉ោយប៉ែត សៀមរាប និងបណ្ដាខេត្តផ្សេងៗ ហើយសម្រាប់បន្លែដែលយើងនាំចូលពីគេវិញគឺមកពីយើងមិនមានលទ្ធភាពនៅក្នុងការដាំ ដោយមិនអំណោយផល ដូចជាស្ពៃបូកគោ ការ៉ុត ឬក៏ដំឡូងបារាំង ប៉ុន្តែក្នុងរយៈពេលថ្មីនេះ ខាងមន្ទីកំពុងតែជំរុញឲ្យមានការដាំដុះសាកល្បងការ៉ុតនិងដំឡូងបារាំង ប៉ុន្តែយើងមានលទ្ធភាពនាំទៅប្រទេសថៃ ដូចជានៅស្រុកបាណន់ខ្ទឹម និងបន្លែមួយចំនួនទៀត ដូចជាល្ហុងម្នាស់ ដែលយើងដាំនៅស្រុកមោង បាននាំចេញ ទៅច្រកទ្វារអន្តរជាតិភ្នំដី ទៅកាន់ប្រទេសថៃ។
លោក ណុប នុន ប្រធានសហគមន៍ កសិកម្មតាសីសាមគ្គី បានឱ្យដឹងដែរថា នៅក្នុងសហគមន៍របស់លោកមានកសិករប្រមាណ ៦០ភាគរយ បានដាំដំណាំបន្លែវិលជុំ និងមានគ្រោងពង្រីកបន្ថែមទៀត ក្នុងនោះ មានដូចជា ស្ពៃតឿ ស្ពៃស ស្ពៃជើងទា ផ្លែម្រះ និងជីគ្រប់មុខជាដើម ហើយមានគ្រួសារខ្លះទៀតមានចិញ្ចឹមត្រីផងដែរ។ លោកបន្ថែមទៀតថា ប្រជាកសិករនៅតំបន់នេះ បានអនុវត្តការដាំបន្លែតាមប្រតិទិន ដើម្បីបង្កើនបរិមាណទិន្នផលបន្លែឱ្យបានកាន់តែច្រើនជាងមុន និងអាចរក្សាការផ្គត់ផ្គង់បន្លែបន្តទៀតទៅកាន់បណ្តាខេត្តផ្សេងៗ ពិសេសនៅរាជធានីភ្នំពេញតែម្តង។
សំឡេង៖ ក្នុងមួយថ្ងៃយើងអាចប្រមូលផលបានចាប់ពី៣០០ទៅ៥០០គីឡូ ប៉ុន្តែយើងនឹងបន្តធ្វើនៅក្នុងខែ៦ខាងមុខនេះ ដែលយើងនឹងធ្វើឲ្យការប្រមូលផលឲ្យបានចាប់ពី៥០០ទៅ៨០០ទៅ១តោន ហើយនៅចុងឆ្នាំ ២០២០ខាងមុខនេះដែរ យើងនឹងដាក់គោលការណ៍បន្តឱ្យបានពីរតោនក្នុងមួយថ្ងៃ។
លោកប្រធានសហគមន៍ កសិកម្មតាសីសាមគ្គី បានបន្ថែមថា ចំពោះកិច្ចសន្យា ក្នុងការទិញលក់បន្លែរវាងម្ចាស់ក្រុមហ៊ុនជាមួយនឹងប្រជាកសិករនៃសហគមន៍កសិកម្មតាសីសាមគ្គី ស្រុកថ្មគោល បានធ្វើឱ្យសហគមន៍បានឯកភាពគ្នារៀបចំឱ្យមានផែនការដាំបន្លែជាច្រើនមុខ ដោយ ជំរុញឱ្យមានការដាំបន្លែខុសៗគ្នា ទៅតាមគ្រួសារ។
សូមបញ្ជាក់ថា មន្ទីរកសិកម្មខេត្តបាត់ដំបង បានបង្កើតឱ្យមានយន្តការសំខាន់ៗចំនួន៤ ដែលក្នុងនោះមាន៖ ត្រូវប្រឹងផ្តល់ចំណេះ និងជំនាញបច្ចេកទេសដល់អ្នកដាំ, ជួយរកទុនពង្រីកការដាំនិងបំពាក់ឧបករណ៍បច្ចេកទេស, ជួយចងក្រងអ្នកដាំជាបណ្តាញជាសហគមន៍ និងជួយរកទីផ្សារ និងការធ្វើកិច្ចសន្យាផលិតកម្មកសិកម្មរវាងអ្នកដាំ និងក្រុមហ៊ុនចែកចាយបន្លែផងដែរ ដើម្បីជំរុញការលើកកម្ពស់ការដាំដុះរបស់ប្រជាំកសិករ៕