UNHCR ផ្អាកការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួន អាហ្វហ្គានីស្ថានពីប៉ាគីស្ថានដោយសារ COVID -19

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០​ — ស្នងការជាន់ខ្ពស់ អ.ស.ប សម្រាប់ជនភៀសខ្លួន​( UNHCR  ) បាននិយាយពីថ្ងៃអង្គារថា ខ្លួនបានផ្អាកការធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តនៃជនភៀសខ្លួនអាហ្វហ្គានីស្ថានពីប្រទេសប៉ាគីស្ថាន បន្ទាប់ពីប្រទេសនេះបានបិទព្រំដែនជាបណ្តោះអាសន្នជាមួយប្រទេសអាហ្វហ្គានីស្ថានដោយសារ  COVID-19   ។

តាមទីភ្នាក់ងារជនភៀសខ្លួន អ.ស.ប ឱ្យដឹងថា កម្មវិធីធ្វើមាតុភូមិវត្តន៍​បានបន្តឡើងវិញ កាលពីថ្ងៃទី២ ខែមីនា បន្ទាប់ពីផ្អាកនៅរដូវរងារយៈពេល ៣ខែ ។ មនុស្សសរុបទាំងអស់ ២៨ នាក់រហូតមកល់ពេលនេះបានត្រឡប់ទៅកាន់ប្រទេសអាហ្វហ្គានីស្ថានវិញនៅខែនេះ  ។

ទីភ្នាក់ងារជនភៀសខ្លួន អ.ស.ប បាននិយាយថា ប្រទេសប៉ាគីស្ថានបានធ្វើជាម្ចាស់ផ្ទះជនភៀសខ្លួន អាហ្វហ្គានីស្ថានដែលបានចុះបញ្ជីជាង ១,៤លាននាក់ ដែលបានកាន់ប័ណ្ណដែលបានចុះបញ្ជីជាភ័ស្តុតាង ហើយជនភៀសខ្លួនអាហ្វហ្គានីស្ថានប្រហែល ៤,៤លាននាក់ បានវិលត្រឡប់ទៅកាន់ប្រទេសអាហ្វហ្គានីស្ថានវិញនៅក្រោមប្រតិបត្តិការធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តដែលជួយសម្រួលដោយ UNHCR ចាប់តាំងពីឆ្នាំ ២០០២ មក  ។

ប៉ាគីស្ថានបិទចំណុចព្រំដែនរបស់ខ្លួន  —  Torkham  នៅក្នុង Khyber Pakhtunkhwa នៅភាគ ពាយ័ព្យ និង Chaman  នៅ  Balachistan នៅភាគនិរតីក្នុងសប្តាហ៍នេះ នៅពេលដែលប្រទេសនេះបានបង្កើនវិធានការដើម្បីបញ្ឈប់ការរីករាលដាល  COVID-19     ។

សេចក្តីថ្លែងការណ៍មួយរបស់ UNHCR បាននិយាយថា បន្ទាប់ពីបិទចំណុចឆ្លងកាត់ព្រំដែនផ្លូវការTorkham  និង Chaman ជាមួយអាហ្វហ្គានីស្ថាន  មកការធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្តជនភៀសខ្លួន អាហ្វហ្គានីស្ថាន   ដែលបានចុះបញ្ជីនៅក្នុងប្រទេសប៉ាគីស្ថានត្រូវបានគេផ្អាក ។ នេះ គឺជាវិធានការបង្ការជាមុន ដែលបានប្រកាន់យកដោយរដ្ឋាភិបាល ដើម្បីបន្ធូរបន្ថយការរីករាលដាល   COVID-19  ។ តាមពួកមន្ត្រីឱ្យដឹងថា ចំនួនសរុបនៃករណី COVID-19 ដែលបានបញ្ជាក់អះអាងក្នុងប្រទេស ប៉ាគីស្ថាន មានហួសពី១០០នាក់រួចហើយកាលពីថ្ងៃចន្ទ ៕

(ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)