មន្ទីរកសិកម្មខេត្តព្រះវិហារជំរុញឲ្យប្រជាកសិករបង្កើនការដាំដុះបន្លែសុវត្ថិភាពឲ្យបានកាន់តែច្រើន

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី
Mc ៖ មន្ទីរកសិកម្មខេត្តព្រះវិហារ ជំរុញឲ្យប្រជាកសិករបង្កើនការដាំដុះបន្លែសុវត្ថិភាព ឲ្យបានកាន់តែច្រើន ដើម្បីទប់ស្កាត់ការនាំចូលបន្លែពីប្រទេសជិតខាង ពិសេសរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារ និងធានាសុវត្ថិភាពចំពោះអ្នកប្រើប្រាស់ផងដែរ ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះវិហារ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា បច្ចុប្បន្ននេះ បន្លែក្នុងស្រុកកំពុងមានការខ្វះខាត ដែលតំរូវឲ្យការនាំចូលពីប្រទេសជិតខាង ដោយសារប្រជាកសិករមួយចំនួន មិនមានការយល់ដឹងច្បាស់ពីការថែទាំ បច្ចេកទេស ការប្រើប្រាស់ជី ការបង្កើតជីធម្មជាតិជាដើម ។ នេះជាហេតុ ធ្វើឲ្យសត្វល្អិតអាចបំផ្លាញបន្លែ ទទួលបានទិន្នផលទាប ដែលធ្វើឲ្យប្រជាពលរដ្ឋខ្លះបានកាត់បន្ថយការដាំដុះ និងកសិករខ្លះបានបោះបង់ចោល មិនចង់បន្តរបរកសិកម្មនេះតែម្តង ។
លោកបានបន្តថា ដើម្បីដោះស្រាយបញ្ហានេះ មន្ទីរកសិកម្មខេត្តបានសហការជាមួយនឹងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចុះជំរុញណែនាំដល់ប្រជាកសិករ ជាពិសេសបណ្តុះបណ្តាលពីបច្ចេកទេស ការជ្រើសរើសពូជ វិធីនៃការធ្វើផ្ទះសំណាញ់សំរាប់ដាំបន្លែសុវត្ថិភាព ការជំរុញឲ្យបង្កើតជាសហគមន៍ឬជាក្រុម ការរៀបចំប្រព័ន្ធទឹកស្រោចស្រប់ ការប្រើប្រាស់កៅស៊ូក្របដើម្បីឲ្យដីមានសំណើមបានយូរ កាត់បន្ថយការដុះស្មៅ និងកាត់បន្ថយសត្វល្អិតចង្រៃបានយ៉ាងច្រើនជាដើម ។
លោកបានបន្ថែមថា ចំពោះការណែនាំពីបច្ចេកទេស និងការផ្តល់ជូននូវទំនុកចិត្តពីមន្ត្រីជំនាញរបស់មន្ទីរ បានធ្វើឲ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ និងមានចាប់អារម្មណ៍ឡើងវិញពីការដាំដុះបន្លែកាន់តែច្រើន ជាពិសេសក្នុងឆ្នាំ២០២០នេះ ដែលដីស្រែប្រជាកសិករខ្លះដែលធ្លាប់តែធ្វើស្រែ ក៏បានផ្លាស់ប្តូរមក ជាកន្លែងដាំបន្លែ ផងដែរ។
សំឡេង ៖ យើងជំរុញឲ្យបងប្អូនក្រុមកសិករនឹងផលិតចងក្រងជាក្រុមដាំដុះបន្លែ ធ្វើម៉េចដាំបន្លែឲ្យបានច្រើន ព្រោះតម្រូវការទីផ្សារ ពិសេសតម្រូវការទីផ្សារក្នុងស្រុកនេះគឺយើងផ្គត់ផ្គង់មិនទាន់គ្រប់ផង អញ្ចឹងសូមឱ្យបងប្អូនដាំដុះ នឹងធ្វើការរៀបចំផែនការដាំដុះ និងផែនការប្រមូលផល និងចងព្រមភ្ជាប់ពួកគាត់ជាបណ្ដាញ ហើយនឹងភ្ជាប់ទៅនឹងទីផ្សារ ហើយយើងបង្កើតទីផ្សារនៅក្នុងសហគមន៍ ទីផ្សារនៅតាមស្រុក ហើយភ្ជាប់ទៅផ្សារនៅក្នុងក្រុង ដើម្បីធ្វើយ៉ាងម៉េចជួយឱ្យបងប្អូនកុំឲ្យបន្លែពួកគាត់សល់បង្កើតគាត់មានជាបណ្ដាញ ហើយឃើញថាបងប្អូនគាត់ដាំបន្លែចងក្រងជាក្រុមជាបណ្ដាញនេះ គឺបានបង្កើនប្រាក់ចំណូលបានជួយជីវភាពគ្រួសាររបស់គាត់មួយកម្រិតទៀត ក្រៅពីដំណាំស្រូវឬចន្ទី ។ ក្នុងនោះដែល យើងក៏បានជំរុញឲ្យពួកគាត់មានសកម្មភាពផុសផុលឡើង និងបងប្អូនដែលជាកសិករគំរូ ដែលគាត់យកចិត្តទុកដាក់ធ្វើតាមបច្ចេកទេសនេះ គឺជួយឲ្យពួកគាត់បង្កើនប្រាក់ចំណូល បានកាន់តែច្រើន ជាពិសេសនៅខេត្តព្រះវិហារ គឺក្រុមផលិតបន្លែសុវត្ថិភាពនេះគឺផ្គត់ផ្គង់ស្ទើរតែគ្រប់គ្រាន់នៅក្នុងខេត្តដោយមិនបាច់នាំចូល យើងនៅខ្វះតែប៉ុន្មានមុខប៉ុណ្ណោះ ។
លោកប្រធានមន្ទីរកសិកម្ម បានបញ្ជាក់បន្ថែមថា ការដាំបន្លែសុវត្ថិភាពនេះ បានធ្វើអោយគ្រួសារប្រជាកសិករមានជីវភាពល្អប្រសើរជាងមុន កាត់បន្ថយការធ្វើចំណាកស្រុក ក្រោយពេលដែលរដូវប្រមូលផលស្រូវរួច ព្រោះថាបន្លែគឺជាតម្រូវការហូបចុករបស់ប្រជាពលរដ្ឋទូទៅ ដែលមិនអាចខ្វះបាន ៕