ក្រសួងបរិស្ថានគ្រោងប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ២០២០នៅថ្ងៃទី២៨ ខែមីនាខាមុខ


វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
MC៖ក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួម ប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ២០២០ នៅថ្ងៃទី ២៨ ខែមីនា ខាងមុខនេះ ដើម្បីចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ការប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ២០២០ ជាការផ្តួចផ្តើមរបស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិកម្ពុជា (WWF) ហើយគាំទ្រពីក្រសួងបរិស្ថាន។ឯកឧត្តមបន្តថា ដោយសារបច្ចុប្បន្ន ពិភពលោក រួមទាំងកម្ពុជា កំពុងផ្ទុះនៃវីរុសកូវិដ ១៩ ដូច្នេះក្រសួងមិនបាន ប្រារព្ធនៅទីតាំងណាមួយនោះទេ ប៉ុន្តែគ្រាន់តែឲ្យប្រជាពលរដ្ឋចូលរួម បិទការប្រើប្រាស់អគ្គិសនីរយៈមួយពេលម៉ោងនៅតាមផ្ទះ ដើម្បីចូលរួមចំណែកក្នុងកិច្ចការពារបរិស្ថាន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ។
ឯកឧត្តម បញ្ជាក់ថា ក្រសួងបរិស្ថានផ្អាក កម្មវិធីប្រគុំតន្ត្រីនៃទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ២០២០ នៅតាមទីសាធារណៈ នៅថ្ងៃទី២៨ ខែមីនា ដោយគ្រាន់តែផ្សព្វផ្សាយតាមរយៈ បណ្តោញទំនាក់ទំនងសង្គមហ្វេសបុកនិងគេហទំព័រវិញ ដើម្បីចូលរួមបង្ការការឆ្លងរាលដាល នៃវីរុសកូវីដ ១៩ (COVID-19) ក៏ដូចជាចូលរួមការពារសុខភាពសាធារណៈនៅក្នុងប្រទេសកម្ពុជា ។
សំឡេង«ការប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដីនេះគឺយើងនិងផ្តោតតាម online វិញ តាមរយៈបណ្តោញទំនាក់ទំនងសង្គមក៏ដូចជាតាមគេហទំព័រ ។ ហើយគោលបំណងសម្រាប់ទិវាមួយម៉ោងសម្រាប់ភពផែនដីនេះគឺដើម្បីបណ្តុះស្មារតីប្រជាពលរដ្ឋ នៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅលើពិភពលោកយើងទាំងមូលពីព្រោះថាទិវាមួយម៉ោងសម្រាប់ភពផែនដីនេះគេអនុវត្តន៍ គេប្រារព្ធឡើងនៅលើពិភពលោកទាំងមូល ដើម្បីឲ្យប្រជាពលរដ្ឋស្រឡាញ់ភពផែនដី ចូលរួមការពារភពផែនដី ការពារបរិស្ថាន តាមរយៈការដាំដើមឈើ ការសន្សំសំច្ចៃការប្រើប្រាស់ចរន្តអគ្គិសនី ក៏ដូចជាការសំអាតអនាម័យបរិស្ថាន កាត់បន្ថយបំពុលដោយផ្លាស់ស្ទិកជាដើម » ។
ឯកឧត្តមនេត្រ ភក្រ្តា ក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋ ចូលរួមក្នុងការបិទភ្លើង ក្នុងរយៈពេលមួយម៉ោង ចាប់ពីម៉ោង ៨កន្លះ ដល់ម៉ោង៩កន្លះយប់ ដើម្បីចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់ចរន្តអគ្គិសនី សន្សំសំចៃភ្លើងដែលជាផ្នែកមួយដែលជួយភពផែនដីដែរ ។
សូមបញ្ជាក់ថា នេះគឺឆ្នាំទី៨ នៅកម្ពុជា ដែលប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី ហើយកាលពីឆ្នាំ២០១៩ គឺបានប្រារព្ធនៅផ្សារអ៊ីអន២ ផងដែរ ៕