រាជរដ្ឋាភិបាលកម្ពុជាមានយន្តការពន្លឿនយន្តការចុះបញ្ជីដីធ្លីអោយបានមុនកំណត់

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា
MC៖ រាជរដ្ឋាភិបាលកម្ពុជាមានយន្តការពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋអោយបានមុនកំណត់ ដើម្បីធានាឲ្យប្រជាពលរដ្ឋមានសុវត្ថិភាពនៃការកាន់កាប់ដីនិង ចូលរួមចំណែកនៅក្នុងការកាត់បន្ថយការកើតមានបញ្ហាវិវាទដីធ្លី របស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម សេង ឡូត អគ្គនាយករដ្ឋបាលនិងជាអ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយម្ម និងសំណង់ បានមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋក្រសួងនឹងជំរុញឲ្យការងារចុះបញ្ជីដីធ្លីនេះបញ្ចប់រួចរាល់នៅឆ្នាំ ២០២១ ដើម្បីធានាសុវត្ថិភាពនៃការកាន់កាប់ដីនិង ចូលរួមចំណែកនៅក្នុងការកាត់បន្ថយនូវការកើតមានបញ្ហាវិវាទដីធ្លី របស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមបន្តថា ក្រសួងបានណែនាំទៅគ្រប់មន្ទីរដែនដីរាជធានីខេត្តទំាងអស់ត្រូវពន្លឿនសកម្មភាព ចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋទ្វេដង ដើម្បីឆ្ពោះទៅសម្រេចផែនការនេះដោយជោគ ជ័យ។
សំឡេង« គោលដៅក្នុងផែនការអភិវឌ្ឍន៍ជាតិគ្រោង ២០២៣ប៉ុន្តែឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់លោកចង់ឲ្យចប់នៅ ២០២១។ ធ្វើបែបនេះគឺជាការជំរុញម្យ៉ាងដើម្បីធានាសុវត្ថិភាពកាន់កាប់ដីហើយនឹងជាការរួមចំណែកនៅក្នុងការកាត់បន្ថយនូវការកើតមាននៃវិវាទដីធ្លី បើគ្រប់ដីទាំងអស់ត្រូវបានចុះបញ្ជី មាននិយាមកាច្បាស់លាស់ មានការកំណត់ព្រំប្រទលច្បាស់លាស់វិវាទដីធ្លីក៏ វាអត់កើតមានដែរ ហើយ បើកើតមានក៏ទម្រង់លក្ខណៈជាវិវាទដីធ្លីដោយកេរ្តិ៍មរតកដោយមានកិច្ចសន្យាអីវិញទេ»។
ឯកឧត្តមបានបញ្ជាក់ថា រហូតមកដល់ពេលនេះក្រសួងបានខិតខំចុះបញ្ជីក្បាលដីជូនប្រជាពល រដ្ឋបានចំនួន៥លាន៦សែនក្បាលដី ស្មើនឹង៨១ភាគរយនៃចំនួនក្បាលដីសរុបនៅទូទំាងប្រទេស ជាង៧លានក្បាលដី។
សូមបញ្ជាក់ថា ក្នុងផែនការពន្លឿនការចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋនេះ ក្រសួងក៏ជំរុញ ការអន្តរាគមន៍ ដោះស្រាយវិវាទដីធ្លីនេះ ជូនប្រជាពលរដ្ឋផងដែរ ដោយនៅសេសសល់ ជាង ២ពាន់ករណីទៀត៕