ជប៉ុនផ្តល់ថវិកាជាង២៤ម៉ឺនដុល្លារសម្រាប់គម្រោងកែលម្អផ្លូវ-ស្ពាននៅខេត្តក្រចេះ និងកំពត

MC: រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងសរុប២៤៩.៥២៨ដុល្លារអាមេរិក សម្រាប់គម្រោងកែលម្អផ្លូវ និងស្ពាននៅខេត្តក្រចេះ និងកំពត ដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសម្រួលដល់ផ្នែកដឹកជញ្ជូនរបស់ប្រជាសហគមន៍។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយសំណង ក្រោមគម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ(ជំនួយគូសាណូណិ) ដែលធ្វើឡើងនៅស្ថានទូតជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី១៨ ខែមីនានេះ ឯកឧត្តម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា(HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឲ្យដឹងថា ថវិកាចំនួន៦២.៦៣៨ដុល្លារ ផ្តល់ឲ្យសម្រាប់គម្រោងកែលម្អផ្លូវថ្នល់ក្នុងឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។ ចំណែក ថវិកាចំនួន១៨៦.៨៩០ដុល្លារទៀត ផ្តល់សម្រាប់គម្រោងសាងសង់ស្ពានក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
ឯកឧត្តម បានបង្ហាញភាពជឿជាក់ថា គម្រោងអភិវឌ្ឍន៍នេះ នឹងរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានមានភាពរស់រវើក តាមរយៈមធ្យោបាយធ្វើដំណើរដែលល្អប្រសើរដូចជាទៅកាន់សាលារៀន មន្ទីរពេទ្យ ផ្សារ និងតំបន់ផ្សេងៗទៀត។
ឯកឧត្តម មានប្រសាសន៍ថា ប្រទេសជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយនៅកម្ពុជា តាមរយៈក្របខណ្ឌសហប្រតិបត្តការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ផ្សេងៗ រួមទាំងក្នុងក្របខណ្ឌជំនួយគូសាណូណិ។
យោងតាមរបាយការណ៍របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩១ រហូតមកដល់បច្ចុប្បន្ន ជំនួយគូសាណូណិសម្រាប់គម្រោងអភិវឌ្ឍន៍ខ្នាតតូចនៅកម្ពុជា មានប្រមាណជាង៦០០គម្រោង ដែលមានដូចជា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការលើកកម្ពស់ការអប់រំនៅកម្រិតមូលដ្ឋាន សុខាភិបាលកម្រិតមូលដ្ឋាន កសិកម្ម ជាដើម៕
អត្ថបទ៖ វ៉ាង ភក្តី ១៨ ០៣ ២០២០