អ៊ីរ៉ាក់ប្តឹងទៅអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខ ចំពោះការវាយប្រហារតាមអាកាស​របស់សហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ — យោងតាមសារព័ត៌មាន Baghdad al-Youm បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ាក់ លោក Ahmed Al-Sahaf បាននិយាយថា ទីក្រុងបាកដាដ​បានដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខ ជុំវិញការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកប្រឆាំង​នឹងអ៊ីរ៉ាក់ ដែលក្នុងនោះរួមមានទាំងគោលដៅទៅលើអាកាសយានដ្ឋាន Karbala ដែលកំពុងសាងសង់ផងដែរ។

អ្នកការទូតរូបនេះបាននិយាយថា «ក្រសួងការបរទេសបានបញ្ជូនសេចក្តីថ្លែងការណ៍ស្រដៀងគ្នាពីរទៅអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខ ដែលត្អូញត្អែរអំពីការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកប្រឆាំងនឹងកងកម្លាំងអ៊ីរ៉ាក់»។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា «យើងសូមបញ្ជាក់ម្តងទៀតនៅទីនោះថា វត្តមានរបស់កងកម្លាំងសហរដ្ឋអាមេរិកនៅលើទឹក​ដីអ៊ីរ៉ាក់ គឺមានគោលបំណងផ្តល់ជំនួយ ដូចជាការបណ្តុះបណ្តាលយោធា ការប្រឹក្សា និងអាវុធ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករនៃរដ្ឋ​អ៊ីស្លាម [ដែលបានហាមឃាត់នៅក្នុងប្រទេសរុស្ស៊ី] ដោយអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខដើម្បីការពារជំហ៊ានខុសច្បាប់ទាំងនេះ​ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក ហើយដែលត្រូវមានការទទួលខុសត្រូវទាំងស្រុងចំពោះគ្រោះថ្នាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ»។

យោងតាមលោក Al-Sahaf បានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនដែលអះអាងថា ការវាយប្រហារទាំងនេះត្រូវបានជំរុញដោយការ​ការពារខ្លួន គឺជាការកំពុងព្យាយាមជៀសវាងការទទួលខុសត្រូវអន្តរជាតិ។ លោកបានសង្កត់ធ្ងន់ថា រាល់ប្រតិបត្តិការប្រយុទ្ធ ឬចលនាណា មួយរបស់កងទ័ពអាម៉េរិកដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលអ៊ីរ៉ាក់ គឺជា «ការបង្កហេតុ <…> សកម្មភាពអរិភាព និងការបំពានជាក់​ស្តែងទៅលើអធិបតេយ្យភាពរបស់អ៊ីរ៉ាក់ និងលក្ខខណ្ឌនៃវត្តមានរបស់ពួកគេនៅក្នុងប្រទេសនេះ»។

កាលពីថ្ងៃទី ១១ ខែមីនា ទាហានអាម៉េរិក ២នាក់ និងវេជ្ជបណ្ឌិតយោធាអង់គ្លេសម្នាក់ ត្រូវបានសម្លាប់ និង ១៤នាក់ផ្សេងទៀត​បានរងរបួសនៅក្នុងការវាយប្រហារដោយមីស៊ីលប្រឆាំងនឹងមូលដ្ឋានយោធាអ៊ីរ៉ាក់នៅ Al Taji ភាគខាងជើងនៃទីក្រុងបាកដាដ ដែលនៅទីនោះទាហានអាម៉េរិក និងអង់គ្លេសត្រូវបានវាយប្រហារ។ រដ្ឋបាលរបស់លោក Trump បានស្តីបន្ទោសក្រុម Kata’ib Hezbollah Shia និងអាជ្ញាធរអ៊ីរ៉ង់ចំពោះការវាយប្រហារនេះ។ នៅថ្ងៃបន្ទាប់ សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមអាកាស​ទៅលើឃ្លាំងចំនួន ៥ របស់ Kata’ib Hezbollah នៅអ៊ីរ៉ាក់ ដោយហៅការវាយប្រហារនេះថា ជាសកម្មភាពការពារ៕

(ប្រភព ​TASS បកប្រែដោយ លោក យា ចិន្តាខន្តី)