ក្រសួងពាណិជ្ជកម្ម ណែនាំពីវិធានការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺ Covid-19

វិទ្យុជាតិកម្ពុជា ៖ ទៀក លឹមជូ
ក្រសួងពាណិជ្ជកម្ម ណែនាំពីវិធានការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺ Covid-19 ដើម្បីឲ្យមន្ត្រីទាំងអស់ នៅក្រោមឱវាទក្រសួង បង្កើនការប្រុងប្រយត័្ន និងអនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់ ។
តាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងពាណិជ្ជកម្ម បានណែនាំ ដល់មន្រ្តីរបស់ខ្លួនផ្អាកការធ្វើដំណើរទៅចូលរួមកិច្ចប្រជុំសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលនានានៅក្រៅប្រទេស ជាពិសេសគឺការធ្វើដំណើរទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ លើកលែងតែមានការអនុញ្ញាតពិសេស ឬការចាំបាច់បំផុតណាមួយដោយខានពុំបាន។ ផ្អាកការទទួលជួបភ្ញៀវបរទេសនិងភ្ញៀវនានា ហើយប្រសិនបើចាំបាច់បំផុតខានពុំបាន គឺត្រូវធ្វើគារវកិច្ចតាមរយៈលើកដៃសំពះ ជាងការចាប់ដៃ និងត្រូវរក្សាចម្ងាយ 1ម៉ែត្រកន្លះពីភ្ញៀវ ហើយត្រូវលាងដៃសម្លាប់មេរោគតាមការចាំបាច់ ។ បើពុំមានការចាំបាច់ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន នាយកដ្ឋានឬអង្គភាពក្រោមឱវាទទាំងអស់ អាចអនុញ្ញាតឲ្យមន្ត្រីរបស់ខ្លួនបំពេញការងារនៅផ្ទះតាមប្រព័ន្ធអនឡាញ បានប៉ុន្តែត្រូវរៀបចំមន្ត្រីប្រចាំការជាប់ជាប្រចាំ ដើម្បីធានានូវដំណើរការនៃការផ្ដល់សេវាសាធារណៈ ជូនអតិថិជនតាមថ្ងៃនីមួយៗ ប្រកបដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់ ។
ចំពោះមន្ត្រីរាជការណា ដែលបានត្រឡប់មកពីបំពេញបេសកកម្មក្រៅប្រទេសវិញ ជាពិសេសគឺមន្ត្រីរាជការដែលទើបត្រឡប់មកពីបណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គឺត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃដែលបានត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ ស្របតាមនីតិវិធីកំណត់ដោយក្រសួងសុខាភិបាល ហើយក្នុងករណីនេះដែល សាមីខ្លួនអាចបន្តការងាររបស់ខ្លួនតាមប្រព័ន្ធអនឡាញ ហើយត្រូវជូនដំណឹងមកនាយកដ្ឋានបុគ្គលិក ដើម្បីធ្វើការកត់ត្រានិងសម្របសម្រួល ។ បង្កើតវិធានការអនាម័យឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវលាងសម្អាតដៃជាមួយនឹងសាប៊ូឬទឹកលាងសម្លាប់មេរោគជាប់ជាប្រចាំ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសចាំបាច់ ៕