ក្រសួងសុខាភិបាល ស្នើរឲ្យឪសថស្ថាន ឪសថស្ថានរងមួយចំនួនត្រូវទិញអាល់កុលដែលមានប្រភពច្បាស់លាស់

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ
MC ៖ ក្រសួងសុខាភិបាល ស្នើរឲ្យឪសថស្ថាន ឪសថស្ថានរងមួយចំនួនត្រូវទិញអាល់កុលដែលមានប្រភពច្បាស់លាស់ ដោយសារបច្ចុប្បន្ន មានឪសថស្ថាន ឪសថស្ថានរងមួយចំនួន លក់អាល់កុល មិនមានគុណភាពមិនត្រឹមត្រូវតាមស្តង់ដា ខណៈដែលប្រជាពលរដ្ឋទាំងអស់កំពុងត្រូវការអាល់កុលចាំបាច់ ក្នុងការបង្ការការចម្លងវីរុសកូវីដ១៩ ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា អាល់កុលប្រើប្រាស់សំរាប់សំលាប់មេរោគ ជាល្បាយដែលមានសារធាតុអេតាណុលជាមួយទឹក ដោយមិនត្រូវមានសារធាតុផ្សេងទៀតទេ ពិសេសសារធាតុមេតាណុល ចំពោះសារធាតុមេតាណុល មិនត្រូវបានប្រើប្រាស់សំរាប់សំលាប់មេរោគទេ ដែលសារសារធាតុនេះមានមុខងារសំលាប់មេរោគខ្សោយបំផុត ប៉ុន្តែវាអាចបណ្ដាលឲ្យពុលនិងគ្រោះថ្នាក់ដល់អាយុជីវិតទៀតផងក្នុងករណីប្រើប្រាស់សារធាតុមិនបានត្រឹមត្រូវ ។
ក្រសួងសុខាភិបាល សូមណែនាំដល់ ម្ចាស់ឪសថស្ថាន និងឱសថការីទទួលបន្ទុកបច្ចេកទេស នៅតាមឱសថស្ថាន ឱសថស្ថានរង ត្រូវអនុវត្តដូចខាងក្រោម ៖
ទី១ ឱសថការីទទួលបន្ទុកបច្ចេកទេសត្រូវគ្រប់គ្រងឱសថស្ថានរបស់ខ្លួន ដោយអនុវត្តឲ្យបានស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាដែលមានជាធរមាន ។
ទី២ គ្រប់ឱសថស្ថាន ឱសថស្ថានរង ត្រូវទិញអាល់កុលដែលមានប្រភពច្បាស់លាស់ ដោយមានវិក័យបត្ររក្សាទុកត្រឹមត្រូវ ដើម្បីឲ្យក្រសួងសុខាភិបាលអាចតាមដាន ក៏ដូចជាស្វែងរកប្រភពជាក់លាក់ នៅពេលដែលរកឃើញថាអាល់កុលនោះពុំមានគុណភាពត្រឹមត្រូវ ។
ប្រសិនបើក្រសួងសុខាភិបាលស្រាវជ្រាវរកឃើញថា ជាម្ចាស់ឱសថ ឱសថស្ថានរង ឬឱសថការី ទទួលបន្ទុកបច្ចេកទេស នៅតាមឱសថស្ថាន ឱសថស្ថានរង មិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលទេ ក្រសួងសុខាភិបាលនិងមានវិធានការតឹងរឹងតាមផ្លូវច្បាប់ដែលមានជាធរមាន ។
ក្រសួងសុខាភិបាល សង្ឃឹមថា ម្ចាស់ឱសថស្ថានទាំងអស់ និងអនុវត្តតាមការណែនាំនេះ ដើម្បីចូលរួមលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈឱសថការី និងសេចក្តីថ្លៃថ្នូរ របស់ឱសថការី ក្នុងការជួយទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ដល់ប្រជាពលរដ្ឋទាំងអស់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕