រដ្ឋបាលខេត្តស្វាយរៀងចាត់វិធានការក្នុងការចូលរួមបង្ការទប់ស្កាត់ជំងឺកូវីត១៩ដល់មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត

វិទ្យុជាតិកម្ពុជា៖ស្រីផល
MC៖ រដ្ឋបាលខេត្តស្វាយរៀង ចាត់វិធានការក្នុងការចូលរួមបង្ការការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមកូវីត១៩ ដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងបំពេញការងារ នៅតាមមន្ទីរ និងអង្គភាពផ្សេងៗ ដើម្បីរួមចំណែក ក្នុងការកាត់បន្ថយការឆ្លងវីរុសនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តស្វាយរៀងបានឲ្យដឹងថា បច្ចុប្បន្នចំនួននៃអ្នកកើតជំងឺរលាកផ្លូវដង្ហើមកូវីត១៩ មានការកើនឡើងជាបន្តបន្ទាប់ គួរឱ្យកត់សម្គាល់។ ដើម្បីចូលរួមបង្ការទប់ស្កាត់ ការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមកូវីត១៩ រដ្ឋបាលខេត្ត បានធ្វើការណែនាំដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅក្នុងខេត្តស្វាយរៀង ដែលកំពុងបំពេញការងារនៅតាមមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដោយលុបចោលឬកាត់បន្ថយរាល់កិច្ចប្រជុំ ដែលពុំមានភាពចាំបាច់ខ្លាំងចំពោះមុខ រួមទាំងការទទួលជួបភ្ញៀវជាតិ និងអន្តរជាតិ ដែលពុំមានភាពចាំបាច់។កាត់បន្ថយការចុះបំពេញបេសកកម្មនៅក្រៅខេត្ត ឬនៅក្រៅប្រទេស ដែលមិនចាំបាច់។រៀបចំឱ្យមានកន្លែងលាងសម្អាតដៃតាមអង្គភាព ដោយប្រើប្រាស់ទឹកអាកុល ឬសាប៊ូ និងណែនាំឲ្យមន្ត្រី និងកងកម្លាំងលាងសម្អាតដៃជាប្រចាំ មុនពេលចេញចូលអង្គភាព។ ខិតខំសន្សំសំចៃថវិកាក្នុងអង្គភាព និងកាត់បន្ថយការចំណាយផ្សេងៗ ដែលមិនចាំបាច់ ។ កាត់បន្ថយការជួបជុំឬប្រមូលផ្ដុំគ្នា ដែលមាន ចំនួនមនុស្សច្រើន និងងាកមកបំពេញការងារតាមរយៈសារអេឡិចត្រូនិច បណ្ដាញសង្គមTelegram Whatsapp Line…ជំនួសវិញ។
រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅក្នុងខេត្ត និងមានការចូលរួមអនុវត្តតាមវិធានការណែនាំខាងលើនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ រហូតដល់ស្ថានភាពនៃជំងឺរលាកផ្លូវដង្ហើមកូវីត១៩ បានធូរស្រាលឡើងវិញ៕