អ្នកស្លាប់ដោយសារCOVID-19នៅទូទាំងប្រទេសចិន មានការថមថយច្រើនខ្លាំង

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
អាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ថា សម្រាប់ថ្ងៃអង្គារម្សិលមិញមានអ្នកឆ្លង COVID-19 ត្រឹមតែ ១៣នាក់ និងស្លាប់១១នាក់ ខណៈអ្នកជាសះស្បើយវិញមាន៩២២នាក់ឯណោះ។តួលេខនេះបញ្ជាក់ថាអត្រាអ្នកឆ្លង COVID-19 និងអ្នកស្លាប់នៅទូទាំប្រទេសចិន មានការថមថយខ្លាំង នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីន ហួរ នៅព្រឹកថ្ងៃ ទី ១៨ ខែ មីនា ឆ្នាំ ២០២០។
តាមរបាយការណ៍ស្ថានភាពជំងឺរាតត្បាត COVID-19 របស់គណៈកម្មការសុខាភិបាលចិនបានឲ្យដឹងទៀតថា មកទល់នឹងពេលនេះនៅទូទាំងប្រទេសចិនមានអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 ទាំងអស់ចំនួន ៨០,៨៩៤ករណី អ្នកដែលបានជាសះស្បើយចំនួន ៦៩,៦០១នាក់ខណៈអ្នកជំងឺសរុប ៣,២៣៧នាក់បានស្លាប់។
សូមបញ្ជាក់ថា ទោះបីជាអត្រាឆ្លងថ្មីនៅប្រទេសចិនមានការស្រាកស្រាន្តក៏ពិតមែន ប៉ុន្តែនៅពេលនេះអាជ្ញាធរចិននៅតែមានការព្រួយបារម្ភចំពោះករណីឆ្លងពីក្រៅប្រទេសចូលមកចិនវិញម្តង៕

ប្រភព៖ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីន ហួរ