និយ័តករទូរគមនាគមន៍កម្ពុជាពង្រឹងការផ្តល់សេវាទូរគមនាគមន៍ឆ្លើយតបនិងការកើតឡើងវីរុសកូវីត១៩

វិទ្យុជាតិកម្ពុជា៖ស្រីផល
MC៖ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីណែនាំឲ្យក្រុមហ៊ុនទូរស័ព្ទចល័ត អចល័ត និងទូរគមនាគមន៍កម្ពុជា ពង្រឹងការផ្តល់សេវាទូរគមនាគមន៍ ដើម្បីឆ្លើយតប ទៅនឹងការកើតឡើងនៃជំងឺដែលបង្កពីវីរុសកូវីត១៩ ។
យោងតាមសេចក្តីណែនាំ របស់និយ័តករទូរគមនាគមន៍កម្ពុជាបានឲ្យដឹងថា កន្លងទៅថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធ បានដាក់ចេញនូវសារាចរនិងសេចក្តីណែនាំជាបន្តបន្ទាប់ ក្នុងន័យកំណត់នូវវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃវីរុសកូវីត១៩ នៅក្នុងប្រទេសកម្ពុជា។ជាមួយគ្នានេះក្រសួងអប់រំយុវជន និងកីឡា បានណែនាំឲ្យចាប់អនុវត្ត វិស្សមកាលតូចមុនការកំណត់ និងលើកទឹកចិត្តដល់មាតាបិតាអ្នកអាណាព្យាបាល ត្រូវជំរុញឲ្យកូនចៅធ្វើស្វ័យសិក្សានៅតាមផ្ទះ។
ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និយ័តករទូរគមនាគមន៍កម្ពុជា បានណែនាំដល់ប្រតិបត្តិករផ្ដល់សេវាទូរស័ព្ទចល័ត អចល័ត និងអ៊ីនធឺ ណិត ដូចតទៅ៖
១៖ ចំពោះប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត អចល័ត និងទូរគមនាគមន៍កម្ពុជា គឺត្រូវពិនិត្យ និងធានាថាគ្រប់អ្នកប្រើប្រាស់ទូរស័ព្ទចល័ត អចល័តទាំងអស់ អាចហៅចេញដោយឥតគិតថ្លៃទៅកាន់ លេខ១១៥ គ្រប់ពេល គ្រប់ទីកន្លែងដោយមានសេវាទូរស័ព្ទ ទោះបីមាន ឬពុំមានទឹកប្រាក់ក្នុងគណនី, បន្តតាមដានត្រាហ្វិកនៃការហៅទូរស័ព្ទទៅកាន់លេខ ១១៥ និងការតភ្ជាប់ទៅការីឆ្លើយតបព័ត៌មានបន្ទាន់របស់ក្រសួងសុខាភិបាល។ ករណីសង្កេតឃើញការកើនឡើងនៃត្រាហ្វិកប្រើប្រាស់ឈានដល់ ៧០ភាគរយ នៃសមត្ថភាព Trunk សម្រាប់តភ្ជាប់លេខ ១១៥ ប្រតិបត្តិកត្រូវចាត់វិធានការភ្លាម ដើម្បីពង្រីកសមត្ថភាពតភ្ជាប់ ចៀសវាងការរាំងស្ទះ ឬរអាក់រអួលបច្ចេកទេសនៃការផ្តល់សេវា។ ចាត់ឲ្យមានជនបង្គោលទទួលខុសត្រូវ ដើម្បីត្រៀមគាំទ្រ និងសម្របសម្រួលផ្នែកបច្ចេកទេសជាពិសេស សម្រាប់ដំណើរការលេខ ១១៥ ជាមួយនិយ័តករទូរគមនាគមន៍កម្ពុជា និងទូរគមនាគមន៍កម្ពុជា។
២៖ ចំពោះប្រតិបត្តិករផ្តល់សេវាទូរស័ព្ទ និងអ៊ិនធឺណិត ត្រូវបង្កើនការតាមដាន KPI (Key Performance Indicator) របស់ស្ថានីយផ្សាយសេវា (BTS/NodeB/eNodeB) និងបណ្តាញតភ្ជាប់ក្នុងអំឡុងពេលនេះ ដែលអាចមានការកើនឡើង ការប្រើប្រាស់សេវាទូរស័ព្ទ និងអ៉ិនធឺណិត ព្រមទាំងត្រូវពង្រឹងគុណភាពសេវា និងពង្រឹកសមត្ថភាពនៃស្ថានីយផ្សាយសេវា និងបណ្តញតភ្ជាប់ ចៀសវាងការកាត់ផ្តាច់ ឬការរាំងស្ទះជាយថាហេតុ , រៀបចំ ត្រួតពិនិត្យ និងបង្កើនសមត្ថភាពប្រព័ន្ធផ្ទុកភ្លើង (Power Bank) និងដំឡើងម៉ាស៊ីនភ្លើង និងប្រព័ន្ធពន្លឺព្រះអាទិត្យនៅតាមស្ថានីយផ្សាយសេវានីមួយៗ និងមជ្ឈមណ្ឌលគ្រប់គ្រងបណ្តាញ ជាប្រភពផ្គត់ផ្គង់អគ្គិសនីបន្ថែម ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការផ្តល់សេវា៕