រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជំរុញឱ្យមានការចុះបញ្ជីសារធាតុគីមីផ្សំនាំចូលឱ្យបានត្រឹមត្រូវ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា
MC៖រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជំរុញឱ្យមានការចុះបញ្ជីសារធាតុគីមីផ្សំនាំចូលឱ្យបានត្រឹមត្រូវដើម្បីលុបបំបាត់គ្រប់ល្បិចកលរបស់ក្រុមឧក្រិដ្ឋជនយកសារធាតុគីមីផ្សំនេះ ទៅផលិតជាគ្រឿងញៀន។
សម្ដេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យអាជ្ញាធរចុះតាមដានត្រួតពិនិត្យទីតាំង ក្រុមហ៊ុនណាដែលលក់ និងនាំចូលផលិតផលសារធាតុគីមីផ្សំ ត្រូវមកចុះបញ្ជីឱ្យបានត្រឹមត្រូវ ដើម្បីធានាការដាក់លក់ និងនាំចូលសារធាតុគីមីផ្សំ មានភាពចំគោលដៅ និងមិនយកទៅប្រើប្រាស់ខុសច្បាប់។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា ការបញ្ជាឱ្យមានការចុះបញ្ជីសារធាតុគីមីផ្សំឱ្យត្រឹមត្រូវនេះ បន្ទាប់ពីក្រុមឧក្រិតជនបានផ្លាស់ប្ដូរពីការផលិតគ្រឿងញៀនដោយរុក្ខជាតិ ទៅជាផលិតសារធាតុគីមីផ្សំវិញម្ដង ដែលធ្វើឱ្យគ្រឿងញៀនកើនឡើង និងរាលដាលពីទីក្រុងរហូតដល់ជនមួយចំនួនយ៉ាងទូលំទូលាយ។
ឯកឧត្ដមនាយឧត្ដមសេនីយ៍ មាស វិរិទ្ធិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍ថា អាជ្ញាធរនឹងបង្កើនយន្ដការត្រួតពិនិត្យការផលិតគ្រឿងញៀនដោយសារធាតុគីមីផ្សំឱ្យបានខ្លាំងក្លា ដើម្បីលុបបំបាត់ការលួចលាក់ការផលិត និងការចរាចរណ៍គ្រឿងញៀនគ្រប់ប្រភេទ ក្នុងការធានាដល់សុខុមាលភាពប្រជាពលរដ្ឋ និងការប្រឈមដល់ជនរងគ្រោះផងដែរ។
តាមរបាយការណ៍បានឱ្យដឹងថា នៅឆ្នាំ២០១៩ គឺជាការអុវត្តផែនការយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៤ ដោយ បង្ក្រាបបានចំនួន៩,៨០៦ករណី ឃាត់ខ្លួនជនសង្ស័យ២០,៤៩០នាក់ រឹបអូសគ្រឿងញៀន បានចំនួន៧៥០គីឡូក្រាម គឺមានការកើនឡើង៣០ភាគរយ លើសពីឆ្នាំ២០១៨កន្លងទៅ។ ក្នុងនោះករណីបទល្មើសគ្រឿងញៀនធំៗ មានចំនួន៦១ករណី បើគិតទៅលើគ្រឿងញៀន ដែលរឹបអូសបានក្នុងឆ្នាំ២០១៩ មានជាង៧០០គីឡូក្រាម គឺស្មើនឹងជាង៩០ភាគរយ៕