ចំនួនមនុស្សឆ្លងជំងឺ COVID-19 កើនឡើងដល់៦៧៣នាក់ និងស្លាប់ចំនួន ២នាក់នៅម៉ាឡេស៊ី

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លៀង

ប្រទេសម៉ាឡេស៊ីបានរាយការណ៍ថា មានអ្នកជំងឺ COVID-19ចំនួន ២នាក់បានស្លាប់កាលពីល្ងាចថ្ងៃអង្គារម្សិលមិញ ដែលនេះជាករណីស្លាប់ដំបូងដោយជំងឺឆ្លងនេះ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ។

លោក Adham Baba រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ីបានបញ្ជាក់ថា អ្នកជំងឺដំបូងដែលស្លាប់គឺជាបុរសវ័យ ៦០ឆ្នាំម្នាក់ ជាគ្រូគង្វាលនៅព្រះវិហារគ្រិស្តមួយកន្លែងក្នុងទីក្រុង សារ៉ាវ៉ាក (Sarawak) ។ចំណែកឯអ្នកជំងឺទីពីរជាបុរសវ័យត្រឹម ៣៤ឆ្នាំម្នាក់ដែលបានចូលរួមក្នុងពិធីជួបជុំបែបសាសនាដ៏ធំមួយនៅវិហារអ៊ីស្លាមក្នុងទីក្រុងគូឡាឡាំពួរកាលពីថ្ងៃទី២៧ ខែកុម្ភៈដល់ថ្ងៃទី០១ខែមីនា កន្លងទៅដោយមានអ្នកចូលរួម ១៦,០០០នាក់។
សូមបញ្ជាក់ថា អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីក៏បានរកឃើញករណីឆ្លង COVID-១៩ ថ្មីចំនួន ១២០ ទៀតដែរកាលពីថ្ងៃអង្គារ នាំឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៦៧៣ ករណីដែលជាចំនួនខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍៕
ប្រភព៖ សារព័ត៌មាន Channel News Asia