រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យអាជ្ញាធរបង្កើនការការពារភូមិសរគ្មានគ្រឿងញៀន និងគ្មានបទល្មើសគ្រប់ប្រភេទ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា៖

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យអាជ្ញាធរបង្កើនការការពារភូមិសរគ្មានគ្រឿងញៀន និងគ្មានបទល្មើបគ្រប់ប្រភេទ ដើម្បីធានាឱ្យភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ។
សម្ដេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានជំរុញឱ្យអាជ្ញាធរបង្កើនការសហការគ្នាដើម្បីពង្រឹងភូមិ-ឃុំមានសុវត្ថិភាព គ្មានសកម្មភាពលួចឆក់ប្លន់គ្រប់ប្រភេទ គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គ្មានអំពើអាណាចារ្យ ការជួញដូរស្ដ្រី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់គ្រប់ប្រភេទ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ វិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតបចំពោះគ្រោះមហន្ដរាយប្រកប ដោយប្រសិទ្ធភាព និងការត្រួតពិនិត្យខុសច្បាប់ ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តន៍ផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤ កាលពីរសៀលថ្ងៃទី១៧ ខែមីនា នៅទីស្តីការក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម បានបញ្ជាក់ថា ការបញ្ជាឱ្យអាជ្ញាធរបង្កើនការការពារភូមិសរគ្មានគ្រឿងញៀន និងគ្មានបទល្មើនគ្រប់ប្រភេទនេះ ដើម្បីធានារក្សាសន្ដិសុខ សុវត្ថិភាព ភូមិ ឃុំ សង្កាត់ជូនប្រជាពលរដ្ឋ ប្រកបដោយភាពកក់ក្ដៅ និងមិនមានការភ័យខ្លាចអំពីភាពអសន្ដិសុខនៅក្នុងមូលដ្ឋានរបស់ខ្លួន ។
ឯកឧត្ដមឧត្ដមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្ដេជ្ញាបង្កើនការការពារភូមិសរគ្មានគ្រឿងញៀន ដោយសហការជាមួយបណ្ដាប្រទេសជិតខាងដើម្បីមានយន្ដការនិងឆ្លើយតបការប្រយុទ្ធប្រឆាំងគ្រឿងញៀនកាន់តែមានប្រសិទ្ធិភាព។
តាមរបាយការណ៍បានឱ្យដឹងថា នៅឆ្នាំ២០១៩ គឺជាការអុវត្តផែនការយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៤ ដោយ បង្ក្រាបបានចំនួន៩,៨០៦ករណី ឃាត់ខ្លួនជនសង្ស័យ២០,៤៩០នាក់ រឹបអូសគ្រឿងញៀន បានចំនួន៧៥០គីឡូក្រាម គឺមានការកើនឡើង៣០ភាគរយ លើសពីឆ្នាំ២០១៨កន្លងទៅ។ ក្នុងនោះករណីបទល្មើសគ្រឿងញៀនធំៗ មានចំនួន៦១ករណី បើគិតទៅលើគ្រឿងញៀន ដែលរឹបអូសបានក្នុងឆ្នាំ២០១៩ មានជាង៧០០គីឡូក្រាម គឺស្មើនឹងជាង៩០ភាគរយ៕