តំបន់រមណីយដ្ឋានឆ្នេរខ្សាច់សតាបារាំងកំពុងទាក់ទាញភ្ញៀវទេសចរណ៍

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 17,03,2020 ៖

តំបន់រមណីយដ្ឋានឆ្នេរខ្សាច់សតាបារាំង កំពុងទាក់ទាញភ្ញៀវទេសចរណ៍ ដោយសារមានទេសភាពឆ្នេរខ្សាច់ស្រស់ស្អាត និងផ្លូវធ្វើដំណើរមានលក្ខណៈងាយស្រួល ។
លោក ប៊ុត ចាន់ដារ៉ាវ៉ុត ហៅតាបារាំង អ្នកគ្រប់គ្រងរមណីយដ្ឋានឆ្នេរខ្សាច់សតាបារាំង បានឲ្យដឹងថា រមណីយដ្ឋានឆ្នេរតាបារាំងនេះ មានទីតាំងស្ថិតនៅក្នុង ភូមិឫទ្ធី 2 ឃុំកែវផុស ស្រុកស្ទឹងហាវខេត្តព្រះសីហនុ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកលេងកម្សាន្តយ៉ាងច្រើនកុះករ ជាពិសេសគឺនៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យទាន ។លោក បន្ថែមថា នៅពេលដែលកំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិកាន់តែកើនឡើង នឹងជួយឲ្យប្រជាពលរដ្ឋអាចរកប្រាក់ចំណូលបន្ថែមពីវិស័យទេសចរណ៍ និងបង្កើនជីវភាពរបស់គ្រួសារកាន់តែប្រសើរឡើង ។
លោកបានបន្តទៀតថា សម្រាប់ភ្ញៀវទេសចរមកលេងនៅរមណីយដ្ឋានឆ្នេរតាបារាំងនេះ គឺមាន ២ ទីតាំង ទីតាំងទី១ គឺចូលតាមផ្លូវកែវផុសត្រង់ ឃុំតានៃ បំបែកពីផ្លូវជាតិលេខ៤ ដែលមានចម្ងាយជាង ១១គីឡូម៉ែត្រ និងផ្លូវទី២ ចូលតាមផ្លូវបំបែកសម្ដេចសង្ឃរាជទេពវង្សវាលរេញថ្មដា ដែលមានចម្ងាយជាង ១១គីឡូម៉ែត្រ ទើបទៅដល់ទីតាំងរមណីយដ្ឋាន ។
លោកបានបន្ថែមទៀតថា ដោយឡែកភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅរមណីយដ្ឋានឆ្នេរខ្សាច់សតាបារាំង គឺពួកគាត់បានសំដែងនូវទឹកចិត្តសប្បាយរីករាយ នៅពេលដែលពួកគាត់បានមកដល់ឃើញទីតាំងនេះ ។
លោកស្រី សុផារត្ន័ ជាភ្ញៀវដែលទៅលេងកម្សាន្តនៅរមណីយដ្ឋានឆ្នេរខ្សាច់សតាបារាំង បាន ប្រាប់វិទ្យុជាតិកម្ពុជាថា រមណីយដ្ឋានឆ្នេរមួយនេះ មានទេសភាពស្រស់ស្អាត មានបរិស្ថានល្អ មាន សន្តិសុខល្អ សុវត្ថិភាព ឆ្នេរខ្សាច់សស្អាត ទឹកសមុទ្រខៀវស្រងាត់ និងមានទេសភាពព្រៃកោងកាងនៅតាមដងព្រែក ហើយភ្ញៀវអាចជិះទូកគយគន់មើលធនធានធម្មជាតិ ដោយភាពសប្បាយរីករាយជាលក្ខណៈ ជាពិសេសអាចរំសាយរាល់ទុក្ខកង្វល់ទាំងឡាយ ។ សម្រាប់អ្នកចង់ទៅលេងនៅឆ្នេរតាបារាំង គួរតែសម្រេចចិត្តទៅ ព្រោះអីទេសភាពនៅទីនោះគឺស្អាតខ្លាំងមែនទែន ជាពិសេសទឹកសមុទ្រថ្លាឆ្វង់ ហើយពេលដែលយើងទៅដល់គឺធ្វើឲ្យយើងចង់ទៅលេងទឹកហ្នឹងតែម្ដង ហើយបើនិយាយពីកន្លែងស្នាក់នៅគេ ហៅថាបែបពិចនិច មានទាំងតង់ មានទាំងគ្រែ សម្រាប់គេង មានទាំងផ្ទះសម្រាប់គេង សម្រាប់អ្នកចង់ទៅលេងមិនពិបាកទេ នៅនោះមានតង់សំរាប់ជួល មានគ្រែសំរាប់ជួល យើងចង់បោះតង់នៅលើឆ្នេរខ្សាច់ក៏បានដែរ ហើយសម្រាប់នៅពេលថ្ងៃនៅពេលដែលយើងទៅដល់ យើងគួរតែមានជាម្ហូបអាហារសម្រាប់ញ៉ាំដោយខ្លួនឯងកាន់តែល្អ ជាពិសេសយើងអាចវេចជាប្រភេទគ្រឿងសមុទ្រពីទីប្រជុំជនទៅ ហើយយើងនិយាយត្រលប់មក ពីដំណើរកម្សាន្តរបស់យើងវិញ ពាក់ព័ន្ធទៅនឹងផ្លូវធ្វើដំណើរគឺអត់ពិបាកដូចកាលមុនទេកាលពីមុន ដែលយើងត្រូវធ្វើដំណើរឆ្លងទូកទើបអាចទៅដល់ឆ្នេរដ៏ស្រស់ស្អាតមួយនេះ ប៉ុន្តែបច្ចុប្បន្ន យើងមានផ្លូវកៅស៊ូ ហើយនៅពេលដែលទៅជិតដល់ឆ្នេរនោះ គឺយើងធ្វើដំណើរលើផ្លូវក្រួសក្រហមដែលមានស្ថានភាពមិនជាមានការលំបាកអ្វីទេ ហើយនៅពេលដែលយើងជិតទៅដល់គឺពេញចិត្តខ្លាំងមែនទែន នៅពេលជិតទៅដល់នោះ គឺមានព្រៃកោងកាង ដែលយើងអាចធ្វើការថតរូបបាន នឹងពេលយប់បើសិនជាយើងមានគ្នាច្រើន យើងអាចធ្វើការស្ទូចត្រីឬក៏ទៅចាប់ក្ដាម តាមតំបន់ដែលនៅជាប់ឆ្នេរនោះបានទៀតផង ។
សូមបញ្ជាក់ថា ទាំងនេះដោយសារតែប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឆ្លាតវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យតំបន់រមណីយដ្ឋានទូទាំងប្រទេសមានសុខសន្តិភាព ប្រជាពលរដ្ឋកម្ពុជាអាចធ្វើដំណើរកម្សាន្តលំហែកាយទៅតាមតម្រូវការ ដោយមិនមានការភ័យខ្លាចអំពីសុវត្ថិភាពផ្ទាល់ខ្លួនអ្វីនោះឡើយ ៕