មន្ត្រីជំនាញក្រសួងកសិកម្ម ណែនាំដល់ប្រជាកសិករឲ្យចេះសន្សំចៃទឹកក្នុងការដាំដំណាំរួមផ្សំបន្ទាប់ពី ធ្វើស្រែចម្ការ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ១៧.៣.២០២០៖

មន្ត្រីជំនាញក្រសួងកសិកម្ម ណែនាំដល់ប្រជាកសិករឲ្យចេះសន្សំចៃទឹកក្នុងការដាំដំណាំរួមផ្សំបន្ទាប់ពី ធ្វើស្រែចម្ការ ដើម្បីជៀសវាងការខ្វះខាតទឹកប្រើប្រាស់។
លោកបណ្ឌិត គៀន សុភា ប្រធាននាយកដ្ឋានសាកវប្បកម្មនឹងដំណាំរួមផ្សំនៃអគ្គនាយកកសិកម្ម មានប្រសាសន៍នៅក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជា ថា ដំណាំរួមផ្សំ ប្រជាកសិករតែងតែដាំនៅរដូវរំហើយ បន្ទាប់ពីប្រមូលផលស្រូវរួចរាល់ គឺចាប់ពីខែវិច្ឆិកាដល់ខែកុម្ភៈ ព្រោះមានទឹកគ្រប់គ្រាន់។លោក បន្តថា ដំណាំដែលប្រជាកសិករតែងតែដាំរួមមានពោត សណ្តែកឪឡឹក ត្រសក់ ត្រប់ និងបន្លែគ្រប់មុខ ។លោក បានឲ្យដឹងទៀតថា ប្រជាកសិករមួយចំនួនក្រៅពីការដាំដុះស្រូវមានការដាំដំណាំរួមផ្សំ និងធ្វើស្រែចំការ ពួកគាត់ ក៏មានការចិញ្ចឹមសត្វ ការធ្វើពាណិជ្ជកម្មផ្សេងៗ ហើយប្រជាកសិករខ្លះ ក៏បានប្រែក្លាយពីការដាំដំណាំបន្ថែសំរាប់ផ្គត់ផ្គង់គ្រួសារ ទៅជាការដាំសំរាប់លក់លើទីផ្សារផងដែរ។
«ចឹងនៅចន្លោះខែនេះហើយគាត់មានដីគ្រប់គ្រាន់ពីការចូតស្រូវហើយ អាចដាំឪឡឹក ត្រសក់ ពោត សណ្តែក បន្លែគ្រប់មុខ។តួលេខយើងឃើញគាត់ផលិតបាននៅក្នុងរដូវរំហើយបានរហូតដល់៧០ទៅ៨០ភាគរយ បន្លែបង្ការនៅក្នុងស្រុកហើយមានការនាំចូលបន្លែភាគច្រើនយើងដាំមិនសូវបាន។ចាប់ពីខែមិថុនាដល់ខែតុលា ជាឱកាសមួយដែលសម្រាប់ប្រជាកសិកររបស់យើង ។បើយើងមានលទ្ធភាពគ្រប់គ្រងទឹកបានអាចមានបច្ចេកទេសត្រឹមត្រូវ ប្រើប្រព័ន្ធរំយោលដំណក់សន្សំចៃទឹកអាចដាំបន្លែបានតម្លៃខ្ពស់ ។ អំពាវនាវដល់កសិករយើង ប្រសិនបើយើងមានបញ្ហាបច្ចេកទេសប្រព័ន្ធស្រោចទឹកទំនើបនេះអាចទាក់ទងនៅមន្ទីរកសិកម្មតាមខេត្តបាន។ យើងត្រូវមានបច្ចេកទេសសន្សំចៃទឹកកុំប្រើមូមស្រោចទឹកដំណាំច្រើនហួសកំណត់ » ។
លោក បញ្ជាក់ថា ឆ្នាំនេះ ជាឆ្នាំ មានការរាំងស្ងួតខ្លាំង ជាពិសេស ក្នុងរយៈពេលខែកុម្ភៈនិងខែមីនា ដូច្នេះ សូមបងប្អូនប្រជាកសិករ រក្សាទឹកសម្រាប់ប្រើប្រាស់ និងសម្រាប់ការដាំដុះដំណាំផ្សេងៗដោយសន្សំសំចៃ ជាពិសេសនៅតំបន់ដាច់ស្រយាលតែម្តង ៕