រយៈពេល២ខែដើមឆ្នាំ២០២០ ក្រសួងដែនដីមាន ៥២៣គម្រោង ដែលបានដាក់ពាក្យស្នើសុំ ការសាងសង់

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០៖

 រយៈពេល២ខែដើមឆ្នាំ២០២០នេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់មានគម្រោងចំនួន ៥២៣គម្រោង ដែលបានដាក់ពាក្យស្នើសុំសាងសង់ ដែលបង្ហាញថា ប្រទេសជាតិ បច្ចុប្បន្ននេះ កំពុងមានការជឿនលឿន នឹងអភិវឌ្ឍខ្ពស់ លើវិស័យសាងសង់សំណង ។
ឯកឧត្តម សេង ឡូត អគ្គនាយក និងជាអ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយម្ម និងសំណង់បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រែក្លាយសង្គមជាតិមួយដែលស្ថិតនៅក្នុងសម័យសង្រ្គាមដែលគ្មានការអភិវឌ្ឍគ្មានការគោរពសិទ្ធគ្នាអោយទៅជាប្រទេសមួយដែរមានការអភិវឌ្ឍជឿនលឿនយ៉ាងឆាប់រហ័ស មានការគោរពសិទ្ធិគ្នា មានការរីកចំរើនខ្ពស់នៅលើគ្រប់វិស័យ ហើយបានធ្វើប្រទេសកម្ពុជាមានមុខមាត់នៅលើឆាកអន្តរជាតិ នឹងធ្វើអោយពិភពលោកទាំងមូលស្គាល់អំពីកម្ពុជាកាន់តែច្បាស់ថែមទៀត ។ ឯកឧត្តមបន្តថា ដោយសារហេតុនេះ ទើបក្រសួងដែនដីបានទទួលពាក្យសុំធ្វើការសាងសង់ចំនួន ៥២៣គម្រោង ហើយការវិនិយោគនៃវិស័យសំណង់នេះក៏មានការចូលរួមពីបរទេសផងដែរ ។
« ក្រុមហ៊ុនបរទេសដែលមកវិនិយោគលើវិស័យសំណង់ នៅព្រះរាជាណាចក្រកម្ពុជាយើងមាន ១៨ ប្រទេសដែលបានមកវិនិយោគ ហើយបរទេសភាគច្រើនវិនិយោគលើអគារស្នាក់នៅរួម ឬក៏អាគារខ្ពស់ បើយើងរៀបតាមលំដាប់ថ្នាក់ អ្នកវិនិយោគបរទេសគឺប្រទេសចិន ដែលបានមកវិនិយោគច្រើនជាងគេបំផុតលំដាប់ថ្នាក់ទី១ នៅក្នុងប្រទេសកម្ពុជា បន្ទាប់មកកូរ៉េលេខ២ ហើយជប៉ុនឈរនៅលំដាប់ថ្នាក់លេខ៣ ប៉ុន្តែមិនមែនមានន័យថាការវិនិយោគវិស័យសំណង់នេះមិនមែនមានតែបរទេសទេ ការវិនិយោគក្នុងស្រុករបស់យើងក្រសួងបានសង្កេតឃើញថាក៏មានការវិនិយោគច្រើនដែរ ជាពិសេសដូចជាបុរី ឬក៏យើងហៅថាលំនៅឋាននៅជុំដែលមានលក្ខណៈជាបុរី ហើយបើយើងគិតតាមបច្ចុប្បន្ននេះបុរីនៅកម្ពុជាយើងមានដល់ទៅ ៣២៧ ទីតាំង ហើយ ទីតាំងវិនិយោគបុរីទាំងនេះ បើយើងសម្លឹងមើលទៅសឹងតែវិនិយោគក្នុងស្រុកទាំងអស់ » ។
ឯកឧត្តមបន្ថែមទៀតថា នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន បើគិតអគារដែលមានកំពស់ ៥ជាន់ឡើង យើងមានរហូតដល់ទៅជិត ២០០០អាគារ បើសណ្ថារគារ យើងមានជាង ១០០០ សណ្ឋាគារ ចំណែកអគារស្នាក់នៅជារួម យើងមានជាង ជាង ២៣០០០ អគារ ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩កន្លងទៅនេះវិស័យសំណង់នៅកម្ពុជាមានគម្រោងសាងសង់សរុបចំនួន៤៤៤៦ ជានឹងទុនវិនិយោគជាង៩ ៣៥៣ លានដុល្លារ។ បើធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨វិញ វិស័យនេះមានគម្រោងត្រឹមតែ២៨៦៧គម្រោងប៉ុណ្ណោះ ដោយមានតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណជាង ៥ ២២៨ លានដុល្លារ៕