ក្រសួងធនធានទឹកក្រើ នរំលឹកឲ្យប្រជាពលរដ្ឋតាមខេត្តថែរក្សាសុខភាពចំពោះការកើនឡើងក្តៅ ក្នុងរយៈពេលមួយសប្តាហ៍នេះ

វិទ្យុជាតិកម្ពុជា : ហាន់ ស្រីណា ថ្ងៃទី១៧ខែមីនា ឆ្នាំ២០២០៖

 ក្រសួងធនធានទឹកនិងឧតុនិយម ណែនាំឲ្យប្រជាពលរដ្ឋតាមបណ្តាលខេត្តទំនាបកណ្ដាលត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ពិសេសការកើនឡើងនៃកម្ដៅក្នុងរយៈពេលមួយសប្តាហ៍នេះ ដើម្បីការពារថែរក្សាសុខភាពឲ្យបានល្អកុំអោយរងគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី១៧ខែមីនា ដល់ថ្ងៃទី២៣ខែមីនា កម្ពុជានឹងទទួលរងកម្រិតសម្ពាធទាបលើផ្ទៃដី និងសម្ពាធខ្ពស់នៅរយះកម្ពស់គ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា ដែលធ្វើអោយមានបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាពិសេសគឺកើនឡើងកម្តៅ។
ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាសបន្តក្ដៅនៅតាមបណ្ដាខេត្ត នៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាពី ២៦ដល់ ២៨អង្សារសេ , សីតុណ្ហភាពអតិបរមាមានពី ៣៧ដល់៣៩ អង្សាសេ ,អាចមានភ្លៀងធ្លាក់ខ្សោយនៅផ្នែកខ្លះ។ ដោយឡែកនៅថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែមីនា ផ្នែកមួយចំនួននៃខេត្តឧត្តរមានជ័យ,បន្ទាយមានជ័យ,សៀមរាប,ប៉ៃលិនបាត់ដំបង,និងខេត្តព្រះវិហារ និងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម ជាមួយ ផ្គររន្ទះ និងខ្យល់កន្ត្រាក់។
ចំពោះបណ្ដាខេត្តនៅខ្ពង់រាបឥសាន្ត សីតុណ្ហភាពអប្បបរមាមានពី ២៦ ដល់ ២៨ អង្សារសេ សីតុណ្ហភាពអតិបរមាមានពី ៣៤ ដល់ ៣៦ អង្សាសេ និងបណ្ដាខេត្តនៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាមានពី២៦ ដល់ ២៨ អង្សារសេ,សីតុណ្ហភាពអតិបរមា មានពី ៣៥ដល់ ៣៧អង្សារសេ។ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែមីនា នឹងអាចមានភ្លៀងខ្សោយដោយឡែកខេត្តកោះកុង និងមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម។
ដូច្នេះ ក្រសួង សូមប្រកាសដល់ ប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាពចំពោះការកើនឡើងនៃកម្ដៅ និង បន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបណ្ដាខេត្តនៅភាគពាយព្យចាប់ពីថ្ងៃទី ១៨ដល់ថ្ងៃទី ២១ ខែមីនាឆ្នាំ ២០២០នេះ។