វិធានការខ្លាំងៗមួយចំនួនត្រូវរក្សាការអនុវត្ត ដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺ COVID-19

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ — យោងតាមឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam បានឱ្យដឹងថា ប្រទេសវៀតណាម​ចាំបាច់ត្រូវបន្តនូវវិធានការខ្លាំងក្លាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នឹងឆ្លើយតបទៅនឹងការ វិវត្តដ៏ស្មុគស្មាញនៃជំងឺរាត​ត្បាតនៅជុំវិញពិភពលោកមួយនេះ។

លោកបានធ្វើការកត់សម្គាល់ដូចនេះ នៅក្នុងពេលដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិសម្រាប់ការការពារ និងត្រួតពិនិត្យជំងឺ COVID-19 នៅទីក្រុងហាណូយ កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០។

នៅក្នុងកិច្ចប្រជុំនោះ អ្នកចូលរួមបានចង្អុលបង្ហាញអំពីស្ថានភាពនៃការផ្លាស់ប្តូរយ៉ាងលឿននៃជំងឺ COVID-19 នៅជុំវិញពិភព​លោក ដោយបានកត់សម្គាល់ថា គិតត្រឹមព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ (ម៉ោងនៅវៀតណាម) មានករណីឆ្លងជិត ១៧០.០០០ករណី ត្រូវបានកត់ត្រានៅក្នុង ១៥៤ប្រទេស។

ទន្ទឹមនឹងនេះដែរ ប្រទេសវៀតណាមបានបញ្ជាក់ថា មានអ្នកឆ្លងមេរោគកូរ៉ូណាវីរុសចំនួន ៥៧នាក់ ក្នុងនោះមានជនបរទេសចំនួន ១៧នាក់។

សមាជិកគណៈកម្មាធិការបាននិយាយថា ដូច្នេះវៀតណាមចាំបាច់ត្រូវរក្សាការឃ្លាំមើលឱ្យបានយ៉ាងតឹងរឹងចំពោះជនបរទេស​ដែលចូលមកក្នុងប្រទេសនេះ។

ពួកគេបានពិភាក្សាអំពីវិធានការសម្រាប់ការបង្កើនកិច្ចសម្របសម្រួលក្នុងចំណោមកងកម្លាំងពាក់ព័ន្ធ ដើម្បីអនុវត្តន៍សេចក្តី​ប្រកាសសុខភាពជាកំហិត នឹងការដាក់ឱ្យនៅដាច់ដោយឡែកពីមនុស្សដែលធ្វើដំណើរមកពី ឬធ្វើដំណើរឆ្លងកាត់តំបន់ដែលរងផលប៉ះ​ពាល់ដោយជំងឺ COVID-19 ក្នុងរយៈពេល ១៤ថ្ងៃ មុនពេលពួកគេមកដល់ប្រទេសវៀតណាម ឬអ្នកដែលមានរោគសញ្ញានៃជំងឺនេះ។

គណៈកម្មាធិការបានកត់សម្គាល់ថា ក្រុមប្រឹក្សាភិបាលថ្នាក់មូលដ្ឋានត្រូវតែចូលរួមយ៉ាងសំខាន់ក្នុងការការពារ និងទប់ស្កាត់ជំងឺនេះ ដោយបាននិយាយបន្ថែមថា ក្រុមប្រឹក្សាទាំងនោះដែលដឹកនាំដោយប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ឃុំត្រូវទៅសួរសុខទុក្ខ​គ្រួសារនីមួយៗ ដើម្បីប្រមូលព័ត៌មានអំពីសុខភាព និងប្រវត្តិនៃការធ្វើដំណើររបស់ប្រជាជនទាំងនោះ។ នៅពេលមានករណីចាំបាច់ ក្រុមការងាររបស់ពួកគេនឹងជួយមនុស្សដែលមានរោគសញ្ញានៃជំងឺនេះ យកសំណាកសម្រាប់ធ្វើតេស្ត៕

(ប្រភព ​VNA បកប្រែដោយ លោក យា ចិន្តាខន្តី)