ក្រសួងសុខាភិបាល ប្រកាសយក សណ្ឋាគារ Great DUKE អតីតសណ្ឋាគារ អាំងទែកុងទីណង់តាល់ សម្រាប់ពិនិត្យថែទាំនិងព្យាបាលអ្នកជំងឺកូវីង១៩

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ៖

ក្រសួងសុខាភិបាល សម្រេចប្រើប្រាស់សណ្ឋាគារ Great DUKE អតីតសណ្ឋាគារ អាំងទែកុងទីណង់តាល់ ជាមន្ទីរពេទ្យសម្រាប់ពិនិត្យថែទាំនិងព្យាបាលអ្នកជំងឺកូវីង១៩ ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា រាជដ្ឋាភិបាលបានសម្រេចឲ្យក្រសួងសុខាភិបាលសហការជាមួយឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនឹងប្រើប្រាស់សណ្ឋាគារ Great DUKE អតីតសណ្ឋាគារ អាំងទែកុងទីណង់តាល់ជាមន្ទីរពេទ្យសម្រាប់ពិនិត្យថែទាំនិងព្យាបាលអ្នកជំងឺកូវីង១៩។
ដើម្បីបញ្ជៀសនូវការចម្លងក្នុងសហគមន៍ជាយថាហេតុរាជដ្ឋាភិបាលបានសម្រេចឲ្យក្រសួងសុខាភិបាលសហការជាមួយកងកម្លាំង នៃកងយោធពលខេមរភូមិន្ទរបស់ក្រសួងការពារជាតិ នឹងកងកម្លាំងសុខាភិបាលនៃនគរបាលជាតិរបស់ក្រសួងមហាផ្ទៃ ក្នុងការរួមគ្នាសហការប្រយុទ្ធនឹងជំងឺកូវីង១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់ ។
ក្រសួងសុខាភិបាល សូមឲ្យសាធារណជន រក្សាភាពនឹងនរក្នុងចិត្ត កុំមានការភ័យខ្លាច និងជឿទុកចិត្តលើវិធានការប្រយុទ្ឋនឹងជំងឺកូវីង១៩ របស់រដ្ឋាភិបាល ។
ក្រសួងសុខាភិបាល បន្តអំពាវនាវឲ្យប្រជាពលរដ្ឋរបស់យើង ត្រូវរួមគ្នារក្សាថែរក្សាអនាម័យដោយលាងដៃនឹងសាប៊ូ លាងជាមួយទឹកអាកុល ខ្លួនប្រាណ ចំណីអាហារ និងបរិស្ថានជុំវិញខ្លួនឲ្យបានជាប់ជាប្រចាំ និងទប់ស្កាត់ជំងឺឆ្លង ៕