គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាពិនិត្យសេចក្តីសេចក្តីព្រាងច្បាប់ចំនួន៥

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ វ៉ាង ភក្តី ៖

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹក
ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដេីម្បីពិនិត្យសេចក្តីព្រាងច្បាប់ចំនួន៥ ដែលក្នុងនោះមានទាំងការពិនិត្យសំណើសុំកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ និងការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិនវេសម៉ិន គ្រុប ឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ ខេត្តកោះកុង។
ជាមួយនេះដែរ ក៏មានការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត។ ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ២៦៥មេហ្គាវ៉ាត់ ខេត្តឧត្តរមានជ័យ និងការពិនិត្យសេចក្តីព្រាងរបាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ នីតិកាលទី៦៕