អាជ្ញាធរជាតិអប្សរា សិក្សាត្រៀមរៀបចំជួសជុលខ្លោងទ្វារតាកាវ ខាងលិចនៃប្រាសាទបាយ័ន

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៧ ០៣ ២០២០៖

អាជ្ញាធរជាតិអប្សរា ត្រៀមរៀបចំជួសជុលខ្លោងទ្វារតាកាវ ខាងលិចនៃប្រាសាទបាយ័ន ដើម្បីសង្គ្រោះនិងអភិរក្សប្រាសាទឡើងវិញ ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖………
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ការរៀបចំដំណើរការសិក្សាជួសជុលខ្លោងទ្វារតាកាវខាងលិចនៃប្រាសាទបាយ័ន ដោយសារអាយុកាល អាកាសធាតុ សង្គ្រាម កង្វះការថែទាំ និងការដុះដាលនៃដើមឈើ បណ្តាល ឱ្យរូបចម្លាក់បង្កាន់ដៃយក្សនិងទេវតាជាច្រើនដួលរលំ ហើយក៏បានធ្វើឱ្យរចនាសម្ព័ន្ធរបស់ខ្លោងទ្វារមួយភាគធំ ពិសេសរូបដំរីទាំង៤បានរងនូវការខូចខាតជាខ្លាំងដែលតម្រូវឱ្យមានការជួសជុល ដើម្បីសង្គ្រោះនិងអភិរក្ស។
លោកបន្តថា បច្ចុប្បន្នមានអ្នកជំនាញស្ថាបត្យកម្ម ក្រុមសម្រង់ប្លង់ ក្រុមរកនិងផ្គុំថ្ម និងក្រុមដំឡើងរន្ទា កំពុងអនុវត្តការងារទល់ទ្ររចនាសម្ព័ន្ធផ្នែកខាងក្នុងខ្លោងទ្វារ ស្វែងរកបំណែកថ្មនៃតួខ្លោងទ្វារ ដំរីអាទិទេព និងបង្កាន់ដៃ។
« ការងារហ្នឹងកំពុងតែជំហានឈានទៅរកការជួសជុលនិងឯង ក៏ប៉ុន្តែក្រុមការងារគឺបានសិក្សាជាបណ្តើៗហើយ ហើយជាពិសេសនេះ គឺយើងបានប្រមែប្រមូលថ្មនៅជិតៗនិងយកមកផ្តុំសាកល្បង គឺយើងបានធ្វើខ្លះៗបណ្តើរៗហើយ ក៏ប៉ុន្តែចង់និយាយថា គម្រោងនេះស្ថិតនៅក្នុងលទ្ធភាពសិក្សាដើម្បីជួសជុល »។
លោក ឡុង កុសល បានឲ្យដឹងទៀតថា ក្រុមការងារផ្នែកបុរាណវិទ្យាគ្រោងនឹងធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា ដើម្បីស្វែងរកបំណែកថ្មបន្ថែម ព្រមទាំងសិក្សាពីរចនាសម្ព័ន្ធគ្រឹះរបស់ខ្លោង ទ្វារ និងបង្កាន់ដៃផងដែរនៅពេលរកថ្មនៅស្រទាប់ដីចាក់បង្គរខាងលើបញ្ចប់។
សូមបញ្ចាក់ថា ក្រុមការងារបានដំឡើងរន្ទាផ្នែកខាងក្នុងបានប្រមាណ៦០ភាគរយហើយ ដើម្បី ជួយទ្រទ្រង់រចនាសម្ព័ន្ធខ្លោងទ្វារនៅពេលរើថ្មដំរីដើម្បីជួសជុល ។ បន្ថែមពីនោះ ក៏បានចុះបញ្ជីថ្មរាយប៉ាយទាំង៤ទិស ចែកចេញជា៤តំបន់ទៅតាមទិសនីមួយៗ រកថ្មដំរី រកថ្មដំបូលដែលបាត់ សម្រង់ប្លង់ គូរប្លង់ និងធ្វើប្លង់ហានីភ័យនៃខ្លោងទ្វារផងដែរ ៕