ក្រសួងអប់រំ និងកីឡា សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយ E-School Cambodia បានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធសិក្សា តាមអនឡាញដោយឥតគិតថ្លៃ ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី១២

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៧ មីនា ២០២០

ក្រសួងអប់រំ និងកីឡា សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយ E-School Cambodia បានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធសិក្សា តាមអនឡាញដោយឥតគិតថ្លៃ ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី១២ ដើម្បីឱ្យសិស្សានុសិស្ស អាចសិក្សាតាមរយៈ App ទៅលើមុខវិជ្ជា សំខាន់ៗ។
យោងតាមសេចក្ដីប្រកាស របស់ E-School Cambodia បានឱ្យដឹងថា ក្រសួងអប់រំយុវជន និងកីឡា បានណែនាំស្ដីពីការចាប់ផ្ដើមវិស្សមកាលតូច និងការឈប់សម្រាកមុនកាលកំណត់ សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កំរិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជននៅទូទាំងប្រទេស ដោយមានភាពរាតត្បាតនៃវីរុស កូវី១៩។ ឆ្លើយតបទៅនឹងស្ថានភាពនេះ ជាដំណោះស្រាយ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក៏ដូចជាក្រសួងអប់រំ និងកីឡា សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយ E-School Cambodia តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដែលមាន ឯកឧត្តម សាយ សំអាល់ ជាប្រធាន ក្នុងការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធសិក្សា តាមអនឡាញ ដោយឥតគិតថ្លៃ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។
ក្រោមការដឹកនាំដ៏ឆ្លាតវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងយុគសម័យឧស្សាហកម្ម ៤.០ បានធ្វើឱ្យភាពទំនើបទាន់សម័យ របស់សង្គមដើរទាន់ប្រទេសនានា ។ តាមរយៈ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងកាលៈទេសៈនេះ សាលារៀនត្រូវផ្អាកក៏ដោយ ក៏សិស្សានុសិស្ស អាចសិក្សាតាមរយៈ App ទៅលើមុខវិជ្ជាសំខាន់ៗ ជាមួយសាស្រ្តាចារ្យល្បី ថែមទាំងអាចសាកសួរសំណួរបានថែមទៀតផង។
សូមបញ្ជាក់ថា មុខវិជ្ជាដែលមាននៅក្នុង App E-School Cambodia ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦៖ គណិតវិទ្យា ភាសាខ្មែរ និងអង់គ្លេស, ថ្នាក់ទី៧ ដល់ថ្នាក់ទី៩៖ គណិតវិទ្យារូបវិទ្យា គីមីវិទ្យា ភាសាខ្មែរ និងអង់គ្លេស អនុវិទ្យាល័យ, ថ្នាក់ទី១០ ថ្នាក់ទី១១៖ គណិតវិទ្យា រូបវិទ្យាគីមីវិទ្យា ជីវវិទ្យា អក្សរសាស្ត្រខ្មែរ អង់គ្លេសអនុវិទ្យាល័យ និងសិស្សថ្នាក់ពូកែ, និងថ្នាក់ទី១២៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ភាសាខ្មែរ ជីវៈវិទ្យា អក្សរសាស្ត្រខ្មែរ អង់គ្លេស វិទ្យាល័យ ថ្នាក់សិស្សពូកែ និងថ្នាក់វិញ្ញាសាត្រៀមប្រឡងបាក់ឌុប។ ចាប់ចុះឈ្មោះចូលរៀនពីពេលនេះទៅ ព័ត៌មានលំអិតសូមទំនាក់ទំនងហ្វេសប៊ុកផេក E-School Cambodia Tel: ០៩០ ៧៨៧ ៩៩៩ / ០៨១ ៨០២ ២៦៦ / ០៨៩ ៨០២ ៦៦៦, Downloand App: http://onelink.to/33s2vr ៕