រដ្ឋបាលខេត្តកំពង់ស្ពឺ ច្រានចោលទាំងស្រុងចំពោះពាក្យចចាមអារាមដែលAccount Facebookឈ្មោះសេង ស៊ីថា បានលើកឡើងថា មានករណីឆ្លងជំងឺ Covid-19លើស្ត្រីជនជាតិខ្មែរ

វិទ្យុជាតិកម្ពុជា : ទៀក លឹមជូ 17.03.2020


រដ្ឋបាលខេត្តកំពង់ស្ពឺ ច្រានចោលទាំងស្រុង ចំពោះពាក្យចចាមអារាមដែលAccount Facebookឈ្មោះ សេង ស៊ីថា បានលើកឡើងថាមានករណីឆ្លងជំងឺ Covid-19 លើស្ត្រីជនជាតិខ្មែរ ដែលជាអ្នកបកប្រែ ឲ្យរោងចក្រដំណាប់ស្វាយឈ្មោះក្រុមហ៊ុន ហ៊ូ ណាន ស្ថិតនៅភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
តាមសេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៍មានខាងលើ មន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្ត ក៏បានចុះទៅដល់ទីតាំងពិនិត្យ ស្រាវជ្រាវ ព្រមទាំងធ្វើការជួបសម្ភាសផ្ទាល់ជាមួយបុគ្គលិក និងថៅកែក្រុមហ៊ុន (ប្រុស៤នាក់ ស្រី ១នាក់) ក្នុងនោះ ជនជាតិចិនចំនួន ៤នាក់ ឃើញថា ពុំមាននរណាម្នាក់មានករណីសង្ស័យនៃរោគសញ្ញា កូវីដ- (Covid-19) នោះទេ គិតត្រឹមម៉ោង ១៨៖០០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។
ប្រភពបានបន្តថា ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្ត សូមអំពាវនាវដោយទទូច ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាផ្តល់និងចេញនូវព័ត៍មានប្រកបដោយការទទួលខុសត្រូវខ្ពស់ ។ ចំពោះក្នុងករណីបុគ្គលទាំងឡាយណា បញ្ចេញនូវព័ត៌មានមិនពិត ដែលធ្វើឲ្យសង្គមមានការច្របូកច្របល់នោះ រដ្ឋបាលខេត្តនិងចាត់វិធានការទៅតាមផ្លូវច្បាប់ដោយមិនលើកលែង ។
សូមបញ្ជាក់ថា ក្នុងករណីសង្ស័យ និងមានរោគសញ្ញា ក្តៅខ្លួន ក្អក ហៀរសំបោរពិបាកដកដង្ហើមសូមប្រញាប់ទាក់ទង ក្រុមការងារឆ្លើយតបបន្ទាន់ថ្នាក់ខេត្តតាមរយះលេខទូរស័ព្ទ ០១៦ ៧៩២ ៧៧៦, ០១៦ ៨៦៥ ៤២៥ , ០៨៩ ២១៨ ១០៩ ឬ ១១៥ ៕