កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបផ្តោតសំខាន់លើគោលការណ៍ភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ១៦.៣.២០២០៖

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប​និង​ផ្តោតសំខាន់ទៅលើគោលការណ៍ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការបណ្តាប្រទេសទាំងអស់ទំាងអាស៊ី និងអឺរ៉ុប ដើម្បីធ្វើការផ្លាស់ប្តូរពាណិជ្ជកម្មវិនិយោទុនទំនាក់ទំនងប្រជាពលរដ្ឋនិងវប្បធម៌ក៏ដូចជាសុខសន្តិភាពនិងស្ថេរភាពក្នុងតំបន់និងសាកលលោក។

ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ទីប្រឹក្សាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ទទួលបន្ទុកកិច្ចការ ASEMនិងASEANមានប្រសាសន៍នៅក្នុងកម្មវិធីជីវិតយើងសង្គមយើងថា ការចូលរួមភាពជាដៃគូក្នុងកិច្ចប្រជុំ ASEM ពិតជាមានសារៈសំខាន់ សម្រាប់ប្រទេសកម្ពុជា ទំាងផ្នែកនយោបាយ  សេដ្ឋកិច្ច និងវប្បធម៌ ដែលផ្តល់ឱកាសដល់ប្រទេសកម្ពុជា និងប្រ ទេសជាដៃគូដ៏ទៃទៀតបានបង្កើនទំនាក់ទំនងជាមួយគ្នា។

ឯកឧត្តមបានបញ្ជាក់ថា ASEM មានដៃគូចំនួន៥៣ប្រទេស ក្នុងនោះមាន២១ប្រទេសមកពីអាស៊ី និង៣០ប្រទេសមកពីអឺរ៉ុប ព្រមទាំងអគ្គលេខាធិការ ដ្ឋានអាស៊ាន និងគណ:កម្មការអឺរ៉ុប ជារួមប្រទេសដៃគូ ASEM តំណាងឱ្យ៦៥ភាគរយនៃសេដ្ឋកិច្ចពិភពលោក ៦០ភាគរយនៃប្រជាជនពិភពលោក ៥៥ភាគរយនៃពាណិជ្ជកម្មពិភពលោក និង ៧៥ភាគរយ នៃទេសចរណ៍ពិភពលោក។

«ចឹងគោលការណ៍ទាំងអស់នេះដែលបានផ្សារភ្ជាប់ប្រទេសដែលជា សមាជិក ASEM ដើម្បីអនុញ្ញាតឲ្យប្រទេសទាំងអស់នេះពង្រឹងសហប្រតិបត្តិការ ទោះប្រទេសខ្លះជាប្រទេសមហាអំណាច ប្រទេសខ្លះជាប្រទេសតូចដូចកម្ពុជាគោលការណ៍ទាំងអស់នេះវាជាមូលដ្ឋានមួយ ដើម្បីជំរុញនៅសហប្រតិបត្តិការកិច្ចសហការ ដើម្បីជំរុញឲ្យមានវិបុលភាព រួមរវាងតំបន់ទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយ នៅបញ្ហាប្រឈម នៅក្នុងតំបន់ក៏ដូចជានៅលើពិភពលោក។ហើយ ASEM ផ្តោតទៅលើវិស័យច្រើនវិស័យទាំងអស់នេះគឺក្រោមសសរស្តម្ភ ៣ សសរស្តម្ភ ទី១នយោបាយ សសរស្តម្ភ ទី២ សេដ្ឋកិច្ច សសរស្តម្ភ ទី៣ សង្គមវប្បធម៌។ »

សូមបញ្ជាក់ថា កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ី អឺរ៉ុបលើកទី១៣នៅខែវិច្ឆិកា ឆ្នាំ២០២០នេះ ក៏នឹងរៀបចំព្រឹត្តិការណ៍អមផ្សេងៗជាច្រើន ពេញមួយឆ្នាំ ក្នុងនោះរួមមានទី ១)កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ២)វេទិកាធុរកិច្ចនិងសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ៣)កិច្ចប្រជុំ កំពូលនៃអ្នកដឹកនាំវ័យក្មេងរបស់មូលនិធិអាស៊ី-អឺរ៉ុប ៤)កិច្ចពិភាក្សាតុមូលអ្នកនិពន្ធនៃមូលនិធិអាស៊ី-អឺរ៉ុប ៥)វេទិកាការងារអាស៊ី-អឺរ៉ុប ៦)វេទិកាប្រជាជនអាស៊ី-អឺរ៉ុបនិង ៧)មហោស្រពវប្បធម៌ អាស៊ី-អឺរ៉ុប និង ៨) វេទិកាស្តីពីស្រ្តីក្នុងការរក្សាសន្តិភាពនិងសន្តិសុខ៕