ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ណែនាំឲ្យអាជ្ញាធរដែនដីបង្កើនការចូលរួមទប់ស្កាត់សំណង់គ្មានច្បាប់នៅតាមមូលដ្ឋានរបស់ខ្លួន

វិទ្យុជាតិកម្ពុជា៖ ដោយ​ លោក​ ហុក​ សុខរិន​ និង​ លោក​ ចន​ ណារិទ្ធ​

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ណែនាំឲ្យអាជ្ញាធរដែនដីបង្កើនការចូលរួមទប់ស្កាត់សំណង់គ្មានច្បាប់នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីធានាបានសុវត្ថិភាពនិងគុណភាពសំណង់ មិនបង្កហានិភ័យគ្រោះថ្នាក់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។  

ក្នុងពិធីស្តីពីការកផ្សព្វផ្សាយច្បាប់សំណង់នៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៦ ខែមីនា 

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ បានមានប្រសាសន៍លើកឡើងថា គោលបំណងបង្កើតអោយមានការផ្សព្វផ្សាយច្បាប់សំណង់នេះ គឺទី១ដើម្បីចង់អោយអាជ្ញាធរមន្ត្រីជំនាញទាំងអស់ដឹងអំពីគោលការណ៍វិធានសំខាន់ៗ ដើម្បីធានាអនុវត្តអោយបានត្រឹមត្រូវ មានការឯកភាពគ្នា បំពេញតួនាទី សមត្ថកិច្ចរបស់ខ្លួនប្រកបទៅដោយការទទួលខុសត្រូវ។ គោលបំណងទី២ គឺការជំរុញការលើកកំពស់ក្រមសីលធម៌វិជ្ជាជីវ របស់អ្នកវិជ្ជាជីវៈនិងក្រុមហ៊ុនប្រកបការងារលើវិស័យសំណង់។ទី៣ បង្កើនប្រសិទ្ធភាពក្នុងគ្រប់គ្រងវិស័យសំណង់ តាមរយៈការបង្កើនជំនឿទុកចិត្តដល់អ្នកវិនិយោគគិននិងអតិថិជនគ្រប់វិស័យទាំងអស់។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានថ្លែងថា តាមរយៈកិច្ចផ្សព្វផ្សាយ នេះអាជ្ញាធរមូលដ្ឋានត្រូវបង្កើនការចូលរួមទប់ស្កាត់សំណង់គ្មានច្បាប់នានានៅតាមជំនាញរបស់ ខ្លួន ដើម្បីធ្វើឲ្យសំណង់នៅទូទំាងរាជធានីភ្នំពេញ និងទូទំាងប្រទេសកម្ពុជាមានច្បាប់ត្រឹមត្រូវ ធានាបានសោភ័ណភាព និងសុវត្ថិភាពចំពោះប្រជាពលរដ្ឋ។

     ឯកឧត្តម  ជា  សុផារ៉ា  មានប្រសាសន៍ទៀតថា ក្រសួងបានបណ្តុះបណ្តាលរួចហើយ នៅតាមបណ្តាលខេត្ត រាជធានីមួយចំនួន ក្នុងនោះ នៅបន្ទាយមានជ័យ សៀមរាប ខេត្ត ព្រះសីហនុ រាជធានីភ្នំពេញ ខណៈ ខេត្តនិងរាជធានីនេះកើតឡើងនូវសំណង់ច្រើន ។

ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា វគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ដល់អាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញនៃរដ្ឋបាលរាជធានីភ្នំពេញនេះជាការលើកកំពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈដល់មន្ត្រីរបស់យើង ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើង។  ឯកឧត្តម បន្ត ថា វិស័យសំណង់នៅភ្នំពេញ គិតត្រឹមឆ្នាំ២០១៩នេះ យើងមានសំណង់បុរីនិងបណ្តុំផ្ទះល្វែងចំនួន២៣៧កន្លែង អគារខ្ពស់ៗចំនួន៤ជាន់ឡើងទៅមានចំនួន១២៤៧ទីតាំង ផ្ទះសំណាក់មានចំនួ៦៣៤ទីតាំង សណ្ឋាគារផ្កាយ៥ចំនួន៤ទីតាំង សណ្ឋាគារប្រណិតៗចំនួន២៦០ទីតាំង និងទទួលបាននូវគម្រោងសាងសង់ថ្មីៗទៀតចំនួន ១០៣០គម្រោង ដែលមានទំហំទុនវិនិយោគប៉ាន់ប្រមាណប្រហែលជា៣ពាន់លានដុល្លារអាមេរិក៕