ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានប្រចំាស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោះស្រាយតម្រូវការនិងបញ្ហាប្រឈមនានាជាច្រើនជូនប្រជាពលរដ្ឋនៅមូលដ្ឋាន

វិទ្យុជាតិកម្ពុជា៖

 ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានប្រចំាស្រុកថ្ពង ខេត្តកំពង់ស្ពឺសន្យាដោះស្រាយបញ្ហាប្រឈមនានាជាច្រើនជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីឆ្លើយតបនៃតម្រូវការចាំ បាច់របស់ប្រជាពលរដ្ឋ។
ក្នុងវេទិកាសាធារណៈប្រចំាខែរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានប្រចំាស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលបានរៀបចំឡើងកាលពីពេលថ្មីៗ ក្រុមការងារបានជំរាបជូនប្រជាពលរដ្ឋអំពីសភាពការណ៍វិវឌ្ឍន៍នៅក្នុងប្រទេស និងលើសកលលោក ព្រមទំាងដើម្បីទទួលយកសំណើរ និងដោះស្រាយបញ្ហា របស់ប្រជាពលរដ្ឋមូលដ្ឋាន ។
វេទិកាសាធារណៈសម្រាប់ខែ មីនា នេះ ត្រូវបានរៀបចំឡើងនៅក្នុងបរិវេណវត្តពោធិ៍វ័ន្ត ហៅវត្តតំាងពោធ៌ ក្នុងឃុំប្រំាបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយមានប្រជាលពលរដ្ឋចំនួនជាង ១០០នាក់ និងមានមន្ត្រីមកពីក្រសួង និងស្ថាប័នជំនាញថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក ឃុំ និងភូមិ រួមទាំងមន្ត្រីយោធា នគរបាល និងអាវុធហត្ថរបស់ស្រុក ក៏បានចូលរួមផងដែរ ។
នៅក្នុងវេទិកានោះតំណាងពលរដ្ឋឃុំប្រំាបីមុម បានសុំឲ្យវេទិកាសាធារណៈជួយដោះស្រាយ និងពន្យល់នូវបញ្ហាចំនួន៨ ចំណុច ដែលក្នុងនោះបញ្ហាដែលសំខាន់ដូចជា មានបញ្ហាទឹកស្ទឹងឡើងពណ៌ខៀវ បញ្ហាអគ្គិសនីនិង បញ្ហាដីធ្លី ។
ចំពោះបញ្ហាទឹកស្ទឹងឡើងពណ៌ខៀវ មន្ត្រីជំនាញរបស់មន្ទីរបរិស្ថានស្រុក បានជំរាបជូនវេទិកាថា មន្ទីរនឹងបញ្ជូនក្រុមបច្ចេកទេសចុះទៅពិនិត្យនឹងដោះស្រាយជូនប្រជាពលរដ្ឋ ។ មន្ត្រីអគ្គិសនី បានជួបជាមួយតំណាងគ្រួសារចំនួន ១០ គ្រួសារដែលមិនទាន់មានអគ្គិសនីក្នុងភូមិថ្នល់ទទឹង ឃុំប្រំាបីមុម ដើម្បីរៀបចំបែបបទ តបភ្ជាប់បណ្តាញជូន ។ ដោយឡែក ស្នងការនគរបាលស្រុកថ្ពងបានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យស្វែងយល់និងគោរពច្បាប់ចរាចរណ៍ និងការណែនំារបស់មន្ត្រីនគរបាល ដើម្បីចៀសវាងគ្រោះថ្នាក់ពេលធ្វើដំណើរ ។ ចំពោះបញ្ហាទំនាស់ដីធ្លីវិញ លោកអភិបាលរងស្រុកថ្ពង បានជំរាបជូនវេទិកា ថា អាជ្ញាធរកំពុងតែធ្វើការសិក្សាស្រាវជ្រាវ រួចនឹងសម្របសម្រួលដោះស្រាយជាមួយភាគីទំាងសង្ខាង ។
ឯកឧត្តម ភោគ សុវណ្ណារិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានប្រចំាស្រុកថ្ពង បានជំរាបជូនវេទិកាសាធារណៈ ថា គ្រប់បញ្ហា ដែលពលរដ្ឋបានលើកឡើងគឺ ក្រុមការងារ ដែលមានមន្រ្តីមកពីក្រសួងស្ថាប័ន និងមន្ទីរជំនាញបានទទួលយកមកដោះស្រាយភ្លាម ៗ ហើយបញ្ហាដែលមិនអាចដោះស្រាយបាននៅនឹងកន្លែង នឹងត្រូវបញ្ជូនទៅថ្នាក់លើ ដើម្បីដោះស្រាយបន្ត ៕