ក្រសួងដែនដីបន្តដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋជាង ២០០០ករណីទៀត

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០៖

ក្រសួងដែនដីបន្តដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋជាង ២០០០ករណីទៀតនៅក្នុង ឆ្នាំ ២០២០នេះ ដើម្បីជួយឲ្យវិវាទដីធ្លីនេះដោះស្រាយបានចប់កុំដែលជួយប្រជាពលរដ្ឋ អោយទទួលបាននូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ។
ក្នុងឱកាសបើកសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងាររបស់ក្រសួងរៀបចំដែនដី នាទីស្តីការគណ:រដ្ឋមន្រ្តី ឯកឧត្តម សេង ឡូត អគ្គនាយក និងជាអ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយម្ម និងសំណង់ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ បញ្ហាវិវាទដីធ្លីដែលកើតមានឡើងនៅប្រទេសកម្ពុជាយើង វិវាទដីធ្លីដែលនៅសេសសល់ជាង២០០០ករណី គឺមាននៅគ្រប់ខេត្ត ប៉ុន្តែខេត្តដែលនៅសេសសល់ច្រើនជាងគេមានដូចជាខេត្តព្រះសីហនុ និងខេត្តបន្ទាយមានជ័យ។ឯកឧត្តមបានបញ្ជាក់ថា ការពន្លឿនកិច្ចអន្តរាគមន៍នៅក្នុងការដោះស្រាយវិវាទដីធ្លីនេះ ក្នុងគោលដៅធ្វើយ៉ាងម៉េចឱ្យការដោះស្រាយវិវាទនេះ បានលឿនធានាបាននូវភាពសុខដុមរមនានៅក្នុងសង្គម ជូនដល់ប្រជាពលរដ្ឋ រួមទាំងគូភាគីពាក់ព័ន្ធផងដែរ ។ ឯកឧត្តមបន្តទៀតថា ប្រជាពលរដ្ឋភាគច្រើនមានសំណូមពរចាំបាច់ណាស់ ទៅលើការដោះស្រាយក្រៅប្រព័ន្ធតុលាការនេះដោយសារតែចំណេញពេលវេលាចំណេញ ថវិកា មិនចាំបាច់ចំណាយប្រាក់ជួលមេធាវី មិនបាច់ចំណាយប្រាក់ក្នុងការធ្វើដំណើរឆ្ងាយ គឺក្រសួងដែនដីបានត្រៀមរួចជាស្រេចនូវក្រុមការងារ ដើម្បីទៅដោះស្រាយផ្ទាល់នៅទីតាំងតែម្ដង ដែលនេះជាសារៈប្រយោជន៍ខ្លាំងសំរាប់បងប្អូនប្រជាពលរដ្ឋ ។
« តាមដែរក្រសួងសង្កេតមើលឃើញថា មានសំណូមពរ ឬក៏សំណើរអន្តរាគមន៍ដោះស្រាយបញ្ហាវិវាទដីធ្លីមួយចំនួន ដែលដាក់មកក្រោយៗនេះ ជាទូទៅច្រើនតែជាករណីដែលបានដោះស្រាយរួច ហើយប្រជាពលរដ្ឋខ្លះគាត់មិនសុខចិត្ត មិនទទួលយក ប៉ុន្តែរាល់ការដោះស្រាយវិវាទទាំងអស់ គឺក្រុមការងាររបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ដែលបានចុះទៅដឹកនាំអនុវត្តនោះ គឺផ្អែកទាំងស្រុងទៅលើគោលការណ៍ច្បាប់ យកច្បាប់ជាបង្អែកហើយការចុះស្រាវជ្រាវ ចុះពិនិត្យនេះ ផ្អែកទៅលើស្ថានភាពជាក់ស្តែង ទៅលើអង្គហេតុពិតយកមកពិភាក្សា យកមកវិភាគថ្លឹងថ្លែង គិតគូរស្រាវជ្រាវប្រមូលឯកសារគ្រប់ចំណុចទាំងអស់ធ្វើយ៉ាងណាឲ្យវិវាទទាំងនោះដំណោះស្រាយបានដែលប្រកបដោយយុត្តិធម៌ជួនប្រជាជនយើង » ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩កន្លងក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បាន ទទួលពាក្យបណ្តឹងពាក់ព័ន្ធនិងវិវាទដីធ្លីមានចំនួនជិត ១ម៉ឺន២ពាន់ករណី ក្នុងនោះក្រុមការងារជំនាញបានដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋបានចំនួនជាង១ម៉ឺនករណីហើយ ដោយនៅ សល់ជាង២ពាន់ករណីទៀត កំពុងបន្ត ។
គួរំលឹកថា ចាប់តាំងពីឆ្នាំ ២០១៦ មក ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់បានរៀបចំបង្កើត ក្រុមការងារសំរាប់ដោះស្រាយវិវាទថ្នាក់ជាតិដែលមាន ៣៦ក្រុម សំរាប់ជួយដោះស្រាយបញ្ហាវិវាទដីធ្លីជួនប្រជាពលរដ្ឋ ហើយនាពេលថ្មីៗនេះ ក្រសួងបានថែម ១ក្រុមទៀត ដើម្បីជួយដោះស្រាយអោយបានទាន់ពេលវេលា ៕