រដ្ឋាភិបាលរុស្ស៊ីបញ្ជាឱ្យបិទព្រំដែនជាមួយប៉ូឡូញ និង ន័រវេស សម្រាប់ជនបរទេសកាលពីថ្ងៃអាទិត្យ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ — រដ្ឋាភិបាលរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលនៃប្រទេសរុស្ស៊ីបាន​បញ្ជាឱ្យបិទព្រំដែនដីគោករវាងរុស្ស៊ី – ប៉ូឡូញ និងរវាងរុស្ស៊ី – ន័រវេស សម្រាប់ជនជាតិបរទេសកាលពីថ្ងៃអាទិត្យ ទី ១៥ ខែមីនា ឆ្នាំ ២០២០ ដើម្បីកាត់បន្ថយការរីករាលដាលនៃការឆ្លងមេរោគកូរ៉ូណាវីរុស។

សេចក្តីថ្លែងការណ៍នេះបានឱ្យដឹងថា «សេវាកម្មសន្តិសុខសហព័ន្ធ (FSB) នឹងផ្អាកការឆ្លងកាត់របស់ជនបរទេស និងជនគ្មាន​សញ្ជាតិ តាមរយៈព្រំដែនគោករវាងប្រទេសរុស្ស៊ី – ប៉ូឡូញ និងរវាងប្រទេសរុស្ស៊ី ន័រវែស ចូលទៅក្នុងទឹកដីនៃសហព័ន្ធរុស្ស៊ី សម្រាប់គោល​បំណងនៃការអប់រំ និងការងារ ក៏ដូចជាសម្រាប់គោលបំណងឯកជន និងទេសចរណ៍ផងដែរ លើកលែងតែពលរដ្ឋនៃសាធារណរដ្ឋ​បេឡារុស សមាជិកនៃ គណៈប្រតិភូផ្លូវការ និងអ្នកដែលមានលិខិតអនុញ្ញាតស្នាក់នៅក្នុងសហព័ន្ធរុស្ស៊ីតែប៉ុណ្ណោះ»។

លើសពីនេះទៀត ក្រសួងការបរទេសរុស្ស៊ីមានភារកិច្ចជូនដំណឹងដល់ប្រទេសប៉ូឡូញ ន័រវែស និងរដ្ឋដទៃទៀត ដែលអាចនឹងមាន​ផលប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេដោយសារការអនុវត្តបទបញ្ញត្តិនៃ «វិធានការដែលបានកំណត់ ដោយសង្កត់ធ្ងន់ថា ពួកគេ​ត្រូវបានបង្ហាញភាពត្រឹមត្រូវដោយកាលៈទេសៈពិសេស និងមានលក្ខណៈបណ្តោះអាសន្ន»៕

(ប្រភព ​TASS បកប្រែដោយ លោក យា ចិន្តាខន្តី)