រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ីធ្វើតេស្តវិជ្ជមានមេរោគកូរ៉ូណាវីរុស

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ — លេខាធិការនៃការិយាល័យប្រធានាធិបតីឥណ្ឌូណេស៊ី លោក Pratikno បានប្រកាសថា រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី លោក Budi Karya Sumadi បានធ្វើតេស្តវិជ្ជមានចំពោះមេរោគឆ្លងកូរ៉ូណា វីរុស SARS-CoV-2 ។

ថ្លែងប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សាការតា លោក Pratikno បាននិយាយថា រដ្ឋមន្ត្រីរូបនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Gatot Subroto Army ។

វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Gatot Subroto Army បាននិយាយថា ស្ថានភាពរបស់លោក Budi កំពុងមានភាពប្រសើរឡើង​ហើយ។

តាមរបាយការណ៍របស់លោក Budi បានឱ្យដឹងថា លោកបានចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី ១១ ខែមីនា។

ទន្ទឹមនឹងនេះដែរ កាលពីថ្ងៃទី ១៤ ខែមីនា ប្រទេសសិង្ហបុរីបានរាយការណ៍អំពីករណីឆ្លងមេរោគ កូរ៉ូណាវីរុសថ្មីចំនួន ១២ករណី ដែលនាំឱ្យមានករណីឆ្លងសរុបចំនួន ២១២ករណីនៅក្នុងប្រទេសនេះ។

នៅមុននេះ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong បានព្រមានថា ផលប៉ះពាល់អវិជ្ជមានដល់វិស័យសេដ្ឋកិច្ចដោយ​សារការផ្ទុះឡើងនៃជំងឺកូរ៉ូណាវីរុសនេះ នឹងទំនងជាមានភាពកាន់តែខ្លាំងទៅ និងអូសបន្លាយជាងវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ ទៀត៕

(ប្រភព ​VNA បកប្រែដោយ លោក យា ចិន្តាខន្តី)